(ប៉េកាំង)៖ កាលពីថ្ងៃទី ៤ ខែមីនា មហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនបានសម្ពោធបើក ហើយពិភពលោកទាំងមូលកំពុងផ្តោត ការយកចិត្តទុកដាក់ទៅលើប្រទេសចិន ។ ក្នុងចំណោមបញ្ហាពិភាក្សាគ្រប់ផ្នែកនៃមហាសន្និបាតសភាទាំងពីរលើកនេះ តើប្រទេសចិននឹងក្តាប់ជាប់នូវភារកិច្ចចម្បង ពោលគឺ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងដំណាក់កាលថ្មីតាមរបៀបណា ជាពិសេសគឺ បញ្ហាអំពីបរិយាកាសប្រកបអាជីវកម្ម មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ប្រទេសចិនបាននិងកំពុងរក្សាស្ថិរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ហើយតួអង្គសំខាន់ៗគ្រប់ប្រភេទក្នុងទីផ្សារមានការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស ដែលមានសារៈសំខាន់ចំពោះស្ថិរភាពនិងកំណើននៃសេដ្ឋកិច្ចពិភពលោក ។

កាលពីថ្ងៃទី ៦ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញសួរសុខទុក្ខសមាជិកសមាគម កសាងប្រជាធិបតេយ្យជាតិនិងសមាជិកសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិនដែលមកចូលរួមមហាសន្និបាតលើកទី ១ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយគូសបញ្ជាក់ថា មជ្ឈិមបក្សត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការ ដែលពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចកម្មសិទ្ធិសាធារណៈនិងការលើកទឹកចិត្តគាំទ្រ និងណែនាំការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជន ដែលចាត់ទុកសហគ្រាសឯកជន និងសហគ្រិនឯកជនជាសមាជិកខ្លួនជានិច្ច ត្រូវណែនាំសហគ្រាសឯកជននិងសហគ្រិនឯកជនឲ្យបង្កើនជំនឿចិត្ត ហ៊ានធ្វើការអភិវឌ្ឍដើម្បីសម្រេចបាន នូវការធ្វើឲ្យសេដ្ឋកិច្ចឯកជន អភិវឌ្ឍដោយត្រឹមត្រូវនិងមានគុណភាពខ្ពស់ ។ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនក៏បានលើកឡើងដែរថា ត្រូវពន្លឿនការកសាងទីផ្សាររួមទូទាំងប្រទេស កសាងប្រព័ន្ធទីផ្សារដែលមានស្តង់ដារខ្ពស់ ក៏ដូចជាបង្កើតបរិយាកាសប្រកបអាជីវកម្ម និងដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ នាពេលថ្មីៗកន្លងទៅនេះ លោក Wang Wentao រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងទាក់ទាញឱ្យបរទេសមកបណ្តាក់ទុននៅប្រទេសចិនតាមរបៀប "អញ្ជើញមកចូល"និង"ចេញទៅក្រៅ" ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការវិវឌ្ឍរីកចម្រើនជាក់ស្តែងលើវិស័យ ដូចជា ចូលរួមកិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូ ខាងសេដ្ឋកិច្ចឌីជីថលជាដើម ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏នឹងសិក្សាស្រាវជ្រាវពីការជំរុញ ការកាត់បន្ថយដោយសមហេតុផលនូវបញ្ជីអវិជ្ជមាន នៃការអនុញ្ញាតឱ្យទនុបរទេសចូលទីផ្សារចិនដើម្បីលុបចោល ឬបន្ធូរបន្ថយចំពោះការដាក់កំហិតលើការអនុញ្ញាតឱ្យទនុបរទេស ចូលទីផ្សារចិនថែមមួយកម្រិតទៀត ។ វិធានការទាំងនេះបានបញ្ចេញសញ្ញាយ៉ាងជាក់លាក់និងខ្លាំងក្លា ទៅកាន់សហគ្រាសឯកជនក្នុងស្រុក ព្រមទាំងពិភពលោកទាំងមូលថា បរិយាកាសប្រកបអាជីវកម្មរបស់ចិននឹងមានភាពកាន់តែល្អប្រសើរ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទោះបីជាការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបនឹងចរន្តបញ្ច្រាសក៏ដោយ ក៏ប៉ុន្តែនិន្នការទូទៅនៃការបើកចំហរបស់ប្រទេសចិន នៅតែមានភាពផុសផុលយ៉ាងខ្លាំងដដែល ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានកើនពី ៤,៤ ទ្រីលានដុល្លារអាមេរិកឡើងដល់ ៦,៩ ទ្រីលានដុល្លារអាមេរិកដែលបានក្លាយទៅជា ដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ជាង ១៤០ និងជាប្រទេសពាណិជ្ជកម្មធំបំផុតលើពិភពលោក ក៏ដូចជាទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងប្រចាំឆ្នាំបានកើនពីជាង ៧០០ ប៊ីលានដុល្លារអាមេរិកឡើងដល់ ១,១៥ ទ្រីលានដុល្លារអាមេរិក ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ២ លើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាគិតតាំងពីឆ្នាំ ២០១៧ មក ។

គួររំលឹកថា យោងតាមតារាងចំណាត់ថ្នាក់អំពីបរិយាកាសប្រកបអាជីវកម្ម របស់ប្រទេសនានាដែលចេញផ្សាយដោយធនាគារពិភពលោក បានបង្ហាញឱ្យឃើញថា ប្រទេសចិនបានកើនពីលេខរៀងទី ៧៨ កាលពីឆ្នាំ ២០១៧ ឡើងដល់លេខរៀងទី ៣១ នាឆ្នាំ ២០១៩ ដែលលើសពីប្រទេសបារាំង ហើយបានឈរនៅលំដាប់ ១០ លេខខាងមុខនៃអង្គភាពសេដ្ឋកិច្ចដែលមានជំហានធ្វើកំណែទម្រង់បរិយាកាស ប្រកបអាជីវកម្មលឿនបំផុតនៅទូទាំងពិភពលោកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅភាគខាងត្បូង នៃប្រទេសចិនបានចេញផ្សាយ«សៀវភៅសអំពីបរិយាកាសប្រកបអាជីវកម្មនៅប្រទេសចិនប្រចាំឆ្នាំ ២០២៣ »ដោយបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍លើសពី ៩០ ភាគរយបានចាត់ទុកប្រទេសចិនថាជាគោលដៅមួយ ក្នុងចំណោមគោលដៅវិនិយោគដ៏សំខាន់បំផុត ចំណែកសហគ្រាសដែលផ្តល់បទសម្ភាសន៍ចំនួន ៧៥ ភាគរយគ្រោងនឹងបង្កើនការវិនិយោគនៅប្រទេសចិន ម្ដងទៀតក្នុងឆ្នាំនេះ ។ ឧត្តមមន្ត្រីនៃក្រុមហ៊ុនពហុជាតិជាច្រើន ដូចជាក្រុមហ៊ុន Volkswagen Apple Mercedes-Benzនិង Pfizer ជាដើមបានឬមានផែនការមកប្រទេសចិនដើម្បីពិភាក្សាពីការវិនិយោគ ។

គួររំលឹកដែរថា ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ដែលធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២២ ការរក្សាការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសចិន បានក្លាយជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា នឹងគាំទ្រចំពោះការធ្វើសកលភាវូបនីយកម្ម ហើយបានលើកឡើងថា "ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន" គឺជាចម្លើយខុសឆ្គងទាំងស្រុង លោកបានសង្កត់ធ្ងន់ថា គួរ"ធ្វើជំនួញ"ជាមួយប្រទេសជាច្រើនដែលបូករួមទាំងប្រទេសចិនផងដែរ ។

កាលពីខែកក្កដា ឆ្នាំ ២០២២ សមាគមជំរុញពាណិជ្ជកម្មចិនបានចេញផ្សាយ «របាយការណ៍សិក្សាស្រាវជ្រាវនិងពិនិត្យអង្កេតអំពីបរិយាកាស ប្រកបអាជីវកម្មរបស់ទុនបរទេសនៅប្រទេសចិននៅត្រីមាសទី ២ ឆ្នាំ ២០២២ »ដោយបានបង្ហាញថា សហគ្រាសទុនបរទេសមានសុទិដ្ឋិនិយម ចំពោះអនាគតអភិវឌ្ឍន៍និងចន្លោះទីផ្សាររបស់ចិន ហើយបានវាយតម្លៃខ្ពស់ជាទូទៅចំពោះបរិយាកាសប្រកបអាជីវកម្ម និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ចិន ។ របាយការណ៍នេះក៏បានបង្ហាញដែរថា នៅត្រីមាសទី ២ ឆ្នាំនេះ ក្នុងចំណោមសហគ្រាសទុនបរទេសដែល បានចូលរួមការសិក្សាស្រាវជ្រាវនិងពិនិត្យអង្កេតមាន ១៨,៥ ភាគរយបង្ហាញថា ខ្លួនបានពង្រីកទ្រង់ទ្រាយប្រកបអាជីវកម្មដែលបានកើនឡើងចំនួន ២,១ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ ។ មាន ៧២,៥ ភាគរយបង្ហាញថា បានរក្សាទ្រង់ទ្រាយប្រកបអាជីវកម្មបច្ចុប្បន្នដែលបានកើនឡើងចំនួន ១,៥ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ ហើយមានសហគ្រាសទុនបរទេស ១១,២ ភាគរយបង្ហាញថា នៅត្រីមាសទី ២ បានបង្កើនការវិនិយោគនៅប្រទេសចិន ។ "ទីផ្សារត្រូវបានពង្រីក"និង"ប្រទេសចិនជាគន្លឹះក្នុងយុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់សហគ្រាស"ជាមូលហេតុដ៏សំខាន់បំផុតទាំងពីរ នៃការបង្កើនការវិនិយោគនៅប្រទេសចិនរបស់សហគ្រាសទុនបរទេស ។

ក្នុងបរិបទដែលប្រទេសមួយចំនួនឃោសនាបំប៉ោងពី "ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន" និងហានិភ័យថមថយចុះនៃសេដ្ឋកិច្ចពិភពលោក មានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ សំឡេងប្រកបដោយវិចារណញ្ញាណរបស់មន្ត្រីអឺរ៉ុបទាំងនេះគឺ គួរឱ្យមជ្ឈដ្ឋានខាងក្រៅស្តាប់យ៉ាងម៉ត់ចត់ ។ មួយរយៈពេលកន្លងមក ប្រព័ន្ធសារព័ត៌មានអាមេរិកនិងលោកខាងលិចមួយចំនួន បានមួលបង្កាច់ការពិតដោយចេតនាអាក្រក់និងលាបពណ៌លើប្រទេសចិន គឺដើម្បីឃោសនាថា សេដ្ឋកិច្ចចិនមានភាពថមថយចុះ ដែលប៉ុនប៉ងបង្កការរំខានដល់ការអភិវឌ្ឍរបស់សហគ្រាសទុនបរទេសនៅប្រទេសចិន ពោលគឺ ពួកគេសុខចិត្តធ្វើជា"ទ័ពស្រួច"របស់ទីក្រុងវ៉ាស៊ីនតោនដើម្បីគាបសង្កត់ប្រទេសចិន ។

ដើម្បីចាត់ទុកការជំរុញ"ការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់"ជាគោលដៅ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មនិងគាបសង្កត់សហគ្រាស ទុនបរទេសនៅប្រទេសចិនដោយគ្មានហេតុផលតាមរយៈបទបញ្ជារដ្ឋបាលឬការតាក់តែងច្បាប់ក្នុងស្រុក ។ ទង្វែងដែលចូលចិត្ត"ធ្វើរបងខ្ពស់"និង "ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់"បែបនេះ គឺ មិនអាចទៅរួចទេ ហើយក៏ដើរមិនឆ្ងាយដែរ ។ ហេតុនេហើយ វាបាននិងកំពុងបំផ្លាញដល់ជំនឿចិត្តរបស់ សហគមន៍អន្តរជាតិចំពោះបរិយាកាសប្រកបអាជីវកម្មនៅអាមេរិក ក៏ដូចជានឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនឯងផងដែរ ។

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនទាមទារ ឱ្យបរិយាកាសប្រកបអាជីវកម្មសមស្របនឹងតម្រូវការនៃយុគសម័យ ទាក់ទិននឹងរឿងនេះ រដ្ឋបាលគ្រប់ជាន់ថ្នាក់របស់ប្រទេសចិនសុទ្ធតែមានការយល់ដឹង យ៉ាងច្បាស់និងពេញលេញ ។ នៅឆ្នាំនេះ តំបន់ជាច្រើននៃប្រទេសចិនបានដាក់ចេញឯកសារមួយចំនួន ដោយសង្កត់ធ្ងន់ថា នឹងធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មមានភាពល្អប្រសើរ ហើយមិនអត់ឱនអំពើណាមួយដែលប៉ះពាល់ដល់បរិយាកាសប្រកបអាជីវកម្ម ជាដាច់ខាតដើម្បីឱ្យសហគ្រាសដែលមកអភិវឌ្ឍនៅប្រទេសចិន មានទំនុកចិត្តនិងឈរជើងប្រកបដោយផាសុកភាព ។ ការអនុវត្តជាក់ស្តែងព្រមទាំងប្រសិទ្ធភាពដែលទទួលបាន ទាំងនេះនឹងជម្រះចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមនិងការលាបពណ៌ទាំងអស់ដែលគ្មានភស្តុងតាងអ្វីទាល់តែសោះ ។

ចំណែកការធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មរបស់ចិនមានភាពកាន់តែប្រសើរឡើង ជាបន្តបន្ទាប់ក៏នឹងបំផុសថែមមួយកម្រិតទៀតនូវកម្លាំងរស់រវើក របស់ទីផ្សារនិងការច្នៃប្រឌិតក្នុងសង្គម ក៏ដូចជាជំរុញឱ្យតួអង្គសំខាន់ៗគ្រប់ប្រភេទក្នុងទីផ្សារទទួលបាន ការរីកចម្រើននិងមានភាពខ្លាំងក្លាឡើងដើម្បី ជំរុញការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ប្រការនេះមិនត្រឹមតែពាក់ព័ន្ធដល់អនាគតរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ភាពរុងរឿងថ្កុំថ្កើងរបស់ពិភពលោកផងដែរ ។

ជានិច្ចកាល ប្រទេសចិនតែងតែជា "អ្នកអនុវត្តជាក់ស្តែង" ក្នុងការអនុវត្តការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ហើយពួកយើងនឹងប្រកាន់អាកប្បកិរិយាដែលមានភាព កាន់តែបើកទូលាយនិងបរិយាប័ន្នដើម្បីលើកទឹកចិត្តវិនិយោគិនបរទេស ឱ្យធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ។ សូមស្វាគមន៍វិនិយោគិនសកលមកបណ្តាក់ទុននិងប្រកបអាជីព នៅប្រទេសចិនដើម្បីដើរតួនាទីកាន់តែខ្លាំងនិងសម្រេចបាន នូវការអភិវឌ្ឍកាន់តែធំក្នុងដំណើរកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ចិន ដែលចាត់ទុកការវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក ៕

វិទ្យុមិត្តភាពកម្ពុជាចិន