(តៃប៉ិ)៖ ក្រសូងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថានៅថ្ងៃសុក្រនេះ ខ្លួនបានឃើញមានវត្តមានយន្តហោះកងទ័ពរំដោះប្រជាជនចិន (PLA) ចំនួន ១៥គ្រឿង និងនាវាកងទ័ពជើងទឹកចិនចំនួន ៤គ្រឿង បង្ហាញខ្លួននៅក្នុងតំបន់ដែលនៅក្បែរនឹងកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២២។

គណនី Twitter របស់ក្រសួងការពារជាតិតៃវ៉ាន់ បានសរសេរថា នៅក្នុងសកម្មភាពខាងលើនេះ យន្តហោះចម្បាំងមួយគ្រឿង គឺប្រភេទ J-11 បានហោះចូលមកក្នុងផ្ទៃអាកាស ក្បែរខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់។ កងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ បានប្រើប្រាស់នាវា និងយន្តហោះចម្បាំង ដើម្បីត្រួតពិនិត្យសកម្មភាពនៃយន្តហោះចិននោះ ព្រមទាំងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសផងដែរ។

គួរបញ្ជាក់ថា កម្លាំងយោធាចិន បានធ្វើការល្បាតជាប្រចាំនៅដែនទឹកក្បែរកោះតៃវ៉ាន់ ចាប់តាំងពីមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ទៅកាន់ទីក្រុងតៃប៉ិ កាលពីខែសីហា ឆ្នាំ២០២២៕