(បែរឡាំង)៖ ប៉ូលិសអាល្លឺម៉ង់បានឱ្យដឹងនៅថ្ងៃសុក្រនេះថា មានករណីបាញ់ប្រហារមួយ នៅមជ្ឈមណ្ឌលសាសនារបស់និកាយគ្រិស្ត Jehovah's Witnesses ស្ថិតក្នុងទីក្រុងហាមបឺគ (Hamburg) ដែលបានសម្លាប់មនុស្ស៨នាក់ រួមមានទាំងជនសង្ស័យជាខ្មាន់កាំភ្លើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

ប៉ូលិសប្រចាំទីក្រុងហាមបឺគ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សចំនួន៨នាក់បានស្លាប់ និងមួយចំនួនទៀតបានទទួលរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ ដែលបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ស្របពេលដែលសមាជិកនៃនិកាយ Jehovah's Witnesses នាំគ្នាជួបជុំនៅក្នុងមជ្ឈមណ្ឌលរបស់ពួកគេ។ ខណៈជនសង្ស័យជាខ្មាន់កាំភ្លើង ត្រូវប៉ូលិសជឿថាបានធ្វើសកម្មភាពតែម្នាក់ឯង និងបានស្លាប់ក្នុងចំណោមជនរងគ្រោះ អាជ្ញាធរអាល្លឺម៉ង់មិនទាន់អាចកំណត់ អំពី​លទ្ធភាពនៃចេតនា ដែលអាចនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាល្លឺម៉ង់ត្រូវបានអង្រួនដោយសកម្មភាពវាយប្រហារមួយចំនួន ទាំងដោយពួកប្រកាន់មនោគមន៍វិជ្ជាជីហាដ ហើយនិង​ពួកស្តាំនិយមជ្រុល។ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ខ្មាន់កាំភ្លើងម្នាក់ដែលជាប់សង្ស័យជាជនស្តាំនិយមជ្រុល បានបាញ់សម្លាប់មនុស្ស៩នាក់ នៅក្រុងហាណាវ (Hanau) ភាគខាងលិចអាល្លឺម៉ង់ មុនពេលសម្លាប់ម្តាយនិងខ្លួនឯងតាមក្រោយ។ រីឯកាលពីខែតុលា ឆ្នាំ២០១៩ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស២នាក់ ពេលខ្លួនធ្វើសកម្មភាពបាញ់ប្រហារ នៅក្រៅព្រះវិហារជ្វីហ្វមួយ ក្នុងទីក្រុងហាឡឺ (Halle) ភាគខាងកើតអាល្លឺម៉ង់។ ចំណែកករណីមួយ ស្ថិតក្នុងចំណោមករណី​វាយប្រហារដ៏ប្រល័យបំផុត ដោយពួកប្រកាន់មនោគមន៍វិជ្ជាជីហាដវិញ គឺនៅពេលរថយន្តដឹកទំនិញមួយគ្រឿង បានបើកបំបុកផ្សារគ្រីស្មាស់នៅរដ្ឋធានី​បែរឡាំង កាលពីខែធ្នូ ឆ្នាំ២០១៦ ដែលបានផ្តាច់ជីវិតមនុស្ស១២នាក់៕