(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានសម្តែងការអបអរសាទរចំពោះលោក ស៉ី ជិនពីង ដែលបានបន្តជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ហើយលោក ពូទីន ក៏បានស្ងើចសរសើរផងដែរ នូវការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៉ី បាននិយាយដូច្នេះថា «មិត្តសម្លាញ់... សូមអ្នកទទួលយកនូវការចូលរួមអបអរសាទរ ដោយស្មោះត្រង់ពីខ្ញុំ ក្នុងឱកាសនៃការបន្តជាប់ឆ្នោតរបស់អ្នក។ ភាគីរុស្ស៉ីវាយតម្លៃខ្ពស់ជាខ្លាំងចំពោះ ការចូលរួមចំណែកដោយផ្ទាល់របស់អ្នក សម្រាប់កិច្ចខិតខំពង្រឹងចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិយុទ្ធសាស្រ្តនៃប្រជាជាតិយើងទាំងពីរ»។
លោក ពូទីន បានបន្តទៀតថា «ខ្ញុំជឿជាក់ថាតាមរយៈការធ្វើការជាមួយគ្នា ពួកយើងនឹងធានាបាននូវការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៉ី-ចិនប្រកបដោយផ្លែផ្កា នៅក្នុងវិស័យចម្រុះគ្រប់បែបយ៉ាង ហើយយើងនឹងបន្តរួមសហការគ្នា ជុំវិញបញ្ហាក្នុងតំបន់ព្រមទាំងបញ្ហាអន្តរជាតិ ដែលសំខាន់ៗបំផុត»។
គួរបញ្ជាក់ថា ស្របពេលដែលទំនាក់ទំនងរបស់រុស្ស៉ីជាមួយលោកខាងលិច បានធ្លាក់ដល់កម្រិតទាបបំផុតដូចកាលពីសម័យសង្រ្គាមត្រជាក់ ក្រោយពីទីក្រុងមូស្គូបើកការឈ្លានពានទៅលើអ៊ុយក្រែនកាលពីមួយឆ្នាំមុន វិមានក្រឹមឡាំងបាននិងកំពុងប្រឹងប្រែងព្យាយាម រឹងបន្តឹងចំណងទាក់ទងរបស់ខ្លួនជាខ្លាំងជាមួយប្រទេសចិន៕