(វ៉ាស៉ីនតោន)៖ កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្តល់មេដាយហៅថា Medal of Honor ដែលជាមេដាយកិត្តិយសផ្នែកយោធា ជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ឱ្យដល់អតីតយុទ្ធជនម្នាក់សម្រាប់វីរភាពរបស់លោក កាលពីអំលុងសម័យសង្រ្គាមវៀតណាម ចន្លោះឆ្នាំ១៩៥៥-១៩៧៥។

មន្រ្តីយោធាអាមេរិកចូលនិវត្តន៍ លោក ប៉ារីស ដេវីស (Paris Davis) ដែលសព្វថ្ងៃមានអាយុ៨៣ឆ្នាំ ទទួលបាននូវការបំពាក់មេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់នោះ ពីលោក បៃដិន សម្រាប់សកម្មភាពរបស់លោក ដែលបានសង្រ្គោះមិត្តរួមអាវុធលើសមរភូមិ នៅប្រទេសវៀតណាមដោយពុំគិតពីខ្លួនឯង កំលុងការប្រយុទ្ធគ្នា​​ដ៏តានតឹងមួយ កាលពីឆ្នាំ១៩៦៥។

គួរបញ្ជាក់ថា ខណៈការប្រគល់មេដាយកិត្តិយសខាងលើ គឺជាការសម្តែងការគោរពចំពោះវីរភាពដ៏អង់អាចនៃអតីតយុទ្ធជនអាមេរិក កំលុងពេលសង្រ្គាមក៏ដោយ វាត្រូវបានមតិខ្លះ​យល់ឃើញថា ជាការប្រមាថមកលើ ប្រជាជនស្លូតត្រង់រាប់លាននាក់ ដែលបានបាត់បង់ជីវិត នៅឯប្រទេសវៀតណាម ឡាវ ព្រមទាំងកម្ពុជា ដោយសារការធ្វើសង្រ្គាម របស់សហរដ្ឋអាមេរិកនាសម័យនោះ ដែលមិនត្រឹមបង្កការបំផ្លិចបំផ្លាញហិនហោច តែនៅវៀតណាមប៉ុណ្ណោះទេ គឺថែមទាំងរាលដាល​ដល់ប្រទេសជិតខាងវៀតណាមផងដែរ៕