(រ៉ូម)៖ អតីតមេបញ្ជាការកងទ័ពជើងទឹកអ៉ីតាលីម្នាក់ ដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពីបទលក់ព័ត៌មានសម្ងាត់ឲ្យរុស្ស៊ី ត្រូវតុលាការយោធាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

លោក វ៉លទ័រ បូត (Walter Biot) អាយុ ៥៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០២១ ខណៈកំពុងផ្តល់ព័ត៌មានដល់បុគ្គលិកស្ថានទូតរុស្ស៉ីនៅឯទីតាំងចំណតរថយន្តមួយកន្លែង ក្នុងទីក្រុងរ៉ូម។ ក្រោយមក អ៉ីតាលីបានបណ្តេញអ្នកការទូតរុស្ស៉ីចំនួនពីរនាក់ ហើយចោទប្រកាន់លោក បូត ពីបទលក់ឯកសារ ដែលក្នុងនោះរួមមានទាំងឯកសារសម្ងាត់របស់អង្គការណាតូ ក្នុងតម្លៃ ៥,០០០អឺរ៉ូ ឬស្មើនឹង ៥,២៨០ដុល្លារ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលី ក្នុងចំណោមឯកសារទាំងនោះមានព័ត៌មាន អំពីសង្គ្រាមលើក្រុមសកម្មប្រយុទ្ធនៅលីប៊ី និង ស៉ីរី។

រដ្ឋអាជ្ញាយោធាអ៉ីលី បាននឹងកំពុងស្វែងរកការផ្តន្ទាទោសអស់មួយជីវិតសម្រាប់លោក បូត ដោយសំអាងលើភស្តុតាងដែលប្រមូលបានពីកាមេរ៉ា ក្នុងឱកាសបីលើកផ្សេងគ្នា អំឡុងខែមីនាឆ្នាំ២០២១ ដែលរក្សាក្នុងទូរស័ព្ទ និងក្នុងកុំព្យូទ័ររបស់លោក។ លោក បូត បានផ្តល់ឲ្យរុស្ស៊ីនូវកាតមេម៉ូរីដែលមានរូបភាពចំនួន ១៨១សន្លឹក។ ក្នុងនោះមានឯកសារសម្ងាត់របស់ណាតូ ជាង១០០សន្លឹក។ យ៉ាងនេះក្តី មេធាវីបាននិយាយថា លោក បូត មិនបានប្រគល់សម្ភារឬឯកសារដែលមានលក្ខណៈរសើបណាមួយដូចការចោទប្រកាន់ឡើយ ហើយគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។

គួរបញ្ជាក់ថា នៅពេលចាប់ខ្លួន លោក បូត មានឋានៈជាប្រធានក្រុមនាវាចម្បាំងប៉ុន្តែធ្វើការនៅក្រសួងការពារជាតិ មានភារកិច្ចបង្កើតគោលនយោបាយសន្តិសុខជាតិ និងគ្រប់គ្រងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់អ៉ីតាលី។ កាលពីឆ្នាំ២០២២ តុលាការបានធ្វើការចោទប្រកាន់មួយចំនួន ប្រឆាំងនឹងលោក បូត នៅពេលច្រានចោលសំណើសុំដោះលែង និងរង់ចាំការកាត់ក្តីបន្ត៕