(សេអ៊ូល)៖ កាលពីវេលាព្រឹកថ្ងៃសុក្រនេះ មនុស្សចំនួន២៣០នាក់ ត្រូវបានជម្លៀសចេញពីក្នុងយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ក្រោយគ្រាប់កាំភ្លើងពីរគ្រាប់ ត្រូវបានប្រទះឃើញនៅលើនោះ មុនពេលបម្រុងហោះចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ អ៉ីនឈាន់ (Incheon) នៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។
ប៉ូលិសកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះខាងលើមានគោលដៅ ឆ្ពោះទៅកាន់រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន ហើយដំបូងឡើយវាត្រូវបានកំណត់ថា នឹងចេញដំណើរនៅម៉ោង០៧៖៤៥នាព្រឹក ប៉ុន្តែទីបំផុតត្រូវពន្យារពេលដល់ខ្ទង់ម៉ោង១១ ក្រោយការពិនិត្យសុវត្ថិភាពកំណត់ថា ពុំមានហានិភ័យនៃការប្រព្រឹត្តអំពើភេរវកម្មនោះឡើយ។
គ្រាប់កាំភ្លើងទាំងពីរគ្រាប់ ដែលមានប្រភេទ៩មីលីម៉ែត្រ ត្រូវបានរកឃើញដោយអ្នកដំណើរម្នាក់ មុនពេលដែលយន្តហោះត្រូវហោះឡើងតែបន្តិចប៉ុណ្ណោះ ជាមួយអ្នកដំណើរសរុបចំនួន២១៨នាក់ ព្រមទាំងក្រុមការងារយន្តហោះចំនួន១២នាក់ នៅលើនោះ។ នាពេលនេះ អាជ្ញាធរកូរ៉េខាងត្បូងកំពុងតែស្រាវជ្រាវ ថាតើគ្រាប់កាំភ្លើងបានឡើងទៅដល់ក្នុងយន្តហោះដោយរបៀបណា។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងមានច្បាប់កាំភ្លើងយ៉ាងតឹងរ៉ឹង ដោយការកាន់កាប់អាវុធខុសច្បាប់ គឺត្រូវប្រឈមការជាប់ពន្ធនាគាររយៈពេលជាអតិបរមា ១៥ឆ្នាំ រួមទាំងការពិន័យជាប្រាក់រហូតដល់១០០លានវ៉ុន ឬស្មើនឹងជាង៧៥,០០០ដុល្លារ៕