(ស្តុកខុល)៖ ប្រធានក្រុមចរចារបស់ប្រទេសស៊ុយអែតក្នុងដំណើរការចូលជាសមាជិកអង្គការណាតូ (NATO) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសតួកគី បានទទួលស្គាល់ថាស៊ុយអែត និងហ្វាំងឡង់ បានចាត់វិធានការជាក់ស្តែងដើម្បីបំពេញក្តីកង្វល់របស់ទីក្រុងអង់ការ៉ា ហើយភាគីទាំងបីនឹងបន្តបើកកិច្ចប្រជុំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

លោក អូស្កា ស្តេនស្រ្តម (Oscar Stenstrom) ដែលជាប្រធានក្រុមចរចារបស់ស៊ុយអែត បានគូសបញ្ជាក់ថា «យើងឃើញថា ភាគីតួកគីទទួលស្គាល់ថាទាំងស៊ុយអែត និងហ្វាំងឡង់ បានចាត់វិធានការដែលមាននៅក្នុងកិច្ចព្រមព្រៀងរបស់ពួកយើង។ វាជាសញ្ញាល្អ។ យើងបានព្រមព្រៀងថានឹងបន្តជួបគ្នា តែខ្ញុំមិនអាចនិយាយបានច្បាស់ថានឹងត្រូវធ្វើពេលណាទេ»

យ៉ាងនេះក្តី អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក អ៉ីប្រាហ៉ីម កាលីន (Ibrahim Kalin) បាននិយាយថា ជំហានដែលសម្រេចបានដោយស៊ុយអែត និងហ្វាំងឡង់ ដើម្បីដោះស្រាយកង្វល់សន្តិសុខរបស់ទីក្រុងអង់ការ៉ា គឺមានភាពវិជ្ជមាន ប៉ុន្តែនៅមិនគ្រប់គ្រាន់សម្រាប់ការផ្តល់សច្ចាប័នឲ្យពួកគេចូលជាសមាជិកក្នុងអង្គការណាតូនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ ប៉ុន្តែត្រូវបានតួកគីជំទាស់ក្រោមហេតុផលថាប្រទេសទាំងពីរកំពុងគាំទ្រដល់សមាជិកគណបក្សពលករឃឺដ (PKK) ដែលទីក្រុងអង់ការ៉ាចាត់ទុកជាក្រុមភេរវករ៕