(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រាប់មេដឹកនាំអ៉ីស្រាអែលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឲ្យចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់វ៉េសប៊ែង (West Bank) ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ស្ថានភាពបែបនេះអាចបង្វែរទីក្រុងហ្ស៊េរុយសាឡិម ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងអ៉ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

លោក អូស្ទីន បានទៅដល់អាកាសយានដ្ឋាន Ben Gurion សម្រាប់ដំណើរទស្សនកិច្ចមួយដែលត្រូវបានកំណត់ពេលយ៉ាងប្រញាប់ប្រញាល់ ព្រោះតែការកើនឡើងនៃការតវ៉ាតាមដងផ្លូវ ប្រឆាំងនឹងផែនការរបស់ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៉ីស្រាអែលក្នុងការរុះរើប្រព័ន្ធតុលាការ។ ក្នុងពេលជួបលោក ណេតាន់យ៉ាហ៊ូ នៅឯអាកាសយានដ្ឋានរយៈពេលជាងមួយម៉ោង លោក អូស្ទីន បានអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយអំពើហិង្សា និងធ្វើការដើម្បីឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

លោក អូស្ទីន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក យូអៅ ហ្គាលលេន (Yoav Gallant) រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល យ៉ាងដូច្នេះថា «យើងកំពុងរងការរំខានជាពិសេស ដោយអំពើហិង្សាប្រឆាំងនឹងការតាំងលំនៅថ្មីរបស់ក្រុមប៉ាឡេស្ទីន។ សហរដ្ឋអាមេរិក នៅតែប្រឆាំងយ៉ាងមុតមាំចំពោះទង្វើណាមួយ ដែលអាចបង្កឲ្យមានអសន្តិសុខបន្ថែមទៀត រួមទាំងពង្រីកការរកដំណោះស្រាយបញ្ចប់វោហាសាស្ត្រចោទប្រកាន់»

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុនពេលរដ្ឋមន្រ្តីការពារជាតិអាមេរិកទៅដល់ កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ខ្មាន់កាំភ្លើងក្រុមជីហាតចំនួន៣នាក់ នៅតំបន់ West Bank។ គោលបំណងនៃការពិភាក្សារបស់ លោក អូស្ទីន ជាមួយរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ត្រូវផ្តោតជាសំខាន់លើប្រទេស៉ីរ៉ង់ ប៉ុន្តែការកើនឡើងនៃអំពើហឹង្សានៅតំបន់ West Bank បានជះឥទ្ធិពលដល់ជុំវិញកិច្ចប្រជុំនេះ។

ដើមឡើយ លោក អូស្ទីន គ្រោងនឹងមកដល់ប្រទេសអ៉ីស្រាអែល នៅថ្ងៃពុធសប្តាហ៍នេះ ហើយស្នាក់នៅមួយយប់ក្នុងទីក្រុងតែលអាវីវ (Tel Aviv) ដែលក្រសួងការពារជាតិអ៉ីស្រាអែលមានមូលដ្ឋាននៅទីនោះ។ ប៉ុន្តែផែនការត្រូវបានផ្លាស់ប្តូរភ្លាមៗ ដោយសារការព្រួយបារម្ភពីការរំខានចរាចរណ៍ ដោយសារតែការតវ៉ាប្រឆាំងនឹង លោក ណាតាន់យ៉ាហ៊ូ៕