(ប៉េកាំង)៖ នៅទីបំផុត សភាជាតិប្រជាជនចិន នៅថ្ងៃសុក្រនេះបានបោះឆ្នោតជ្រើសរើសតាំង លោក ស៊ី ជិនពីង ជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ដែលនេះធ្វើឱ្យលោកក្លាយជាមេដឹកនាំចិនមាន ឥទ្ធិពលធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

ការតែងតាំងលោក ស៊ី ជិនពីង ធ្វើឡើងបន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណបក្សកុម្មនិស្ដចិន និងប្រមុខយោធាចិនដែលមានអាណត្តិ៥ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២២ សម្រាប់អាណត្តិ ទី៣ជាប់ៗគ្នា ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោក ស៊ី ជិនពីង មានអាយុ៦៩ឆ្នាំ កាន់អំណាចអស់មួយជីវិត។

ការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៃប្រទេសចិន ត្រូវធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ហើយការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានប្រកាសនៅឯសមាជបក្ស។ ក៏ប៉ុន្តែ សមាជិកនៃក្រុមប្រឹក្សារដ្ឋចិន ឬគណៈរដ្ឋមន្ត្រីចិនថ្មី នឹងត្រូវ បានប្រកាសនៅពេលដែលសភាជាតិប្រជាជនចិន បើកសម័យប្រជុំ ដោយនេះមានន័យថា លោក Li Qiang អាចនឹងត្រូវបានប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ចិនជាផ្លូវការនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ៕