(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នៅថ្ងៃសុក្រនេះត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយពីបទរំលោភអំណាចចំនួន ៤ករណី និងការលាងលុយកខ្វក់ ជុំវិញគម្រោងស្តារសេដ្ឋកិច្ចមួយ ដែលត្រូវបានដំណើរការដោយរដ្ឋាភិបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

ការចោទប្រកាន់ខាងលើ កើតមានឡើង តែជាង៣ខែប៉ុណ្ណោះ បន្ទាប់ពីលោក មូហៃយ៉ីដឌីន បរាជ័យនៅក្នុងការបោះឆ្នោតសកលក្រោមថ្វីដៃលោក អាន់វ៉ា អ៉ីប្រាហ៊ីម ហើយវាក៏ទំនងជានឹងបង្កើនកម្ដៅ នយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីឡើងវិញផងដែរ។ នៅឯសវនាការមួយនៃតុលាការក្នុងទីក្រុងគូឡាឡាំពួរ លោក មូហៃយ៉ីដឌីន ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចចំនួន៤ករណី ពាក់ព័ន្ធនឹង អំពើពុករលួយក្នុងទំហំទឹកប្រាក់ ២៣២.៥លានរីងហ្គីត ឬស្មើនឹង ៥១.៤០លានដុល្លារ ព្រមទាំងបទចោទប្រកាន់ចំនួន២ករណី ទាក់ទិននឹងការលាងលុយកខ្វក់ ១៩៥លានរីងហ្គីត។ ប៉ុន្តែ នៅចំពោះមុខ ចៅក្រម អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានច្រានចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក ដោយអះអាងថាវាគ្រាន់តែជាការធ្វើទុក្ខបុក្ខម្នេញលើអ្នកនយោបាយប្រឆាំងតែប៉ុណ្ណោះ។

ប្រសិនបើតុលាការពិតជារកឃើញថាលោក មូហៃយ៉ីដឌីន បានប្រព្រឹត្តកំហុសដូចការចោទប្រកាន់មែន នោះលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារ១៥ឆ្នាំពីបទលាងលុយ និង២០ឆ្នាំ សម្រាប់បទរំលោភអំណាច។

គួរបញ្ជាក់ថា លោក មូហៃយ៉ីដឌីន ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៉ី ហៅកាត់ MACC ឃាត់ខ្លួននៅវេលាម៉ោង១សៀល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីលោកត្រូវបាន កោះហៅឱ្យចូលខ្លួនបំភ្លឺជុំវិញភាពមិនប្រក្រតីនៃគម្រោងស្តារសេដ្ឋកិច្ចមួយដែលត្រូវបានដំណើរការដោយរដ្ឋាភិបាលរបស់លោក។ តាមរយៈការចោទប្រកាន់នេះដែរ លោក មូហៃយ៉ីដឌីន មានអាយុ ៧៦ឆ្នាំ ដែលបានដឹកនាំប្រទេសម៉ាឡេស៊ី រយៈពេល១៧ខែ ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ បានក្លាយជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ីទី២ ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ បន្ទាប់ពី លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារ១២ឆ្នាំ៕