(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យមាន ការប្រើទោសប្រហារជីវិតលើក្រុមមន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលត្រូវបានផ្ដន្ទាទោសពីបទក្បត់ជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

បេឡារុស ជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អឺរ៉ុប ដែលនៅតែបន្តអនុវត្តទោសប្រហារជីវិត ដោយការបាញ់ចំក្បាលពីខាងក្រោយចំនួន១គ្រាប់។ រដ្ឋាភិបាលបេឡារុស បាននិយាយថាច្បាប់ថ្មីខាងលើគឺជាផ្នែកមួយនៃការផ្លាស់ប្ដូរក្រមព្រហ្មទណ្ឌ ដែលមានគោលដៅពង្រឹងការប្រយុទ្ធប្រឆាំងរបស់បេឡារុសទៅនឹងបទឧក្រិដ្ឋជ្រុលនិយម (ភេរវកម្ម) និងឧក្រិដ្ឋប្រឆាំងនឹងរដ្ឋ។

គួរបញ្ជាក់ថា នៅក្រោមច្បាប់ថ្មីរបស់លោក លូកាសិនកូនេះដែរ នៅក្នុងករណីដែលបុគ្គលណាម្នាក់ត្រូវបានរកឃើញថាបានប្រមាថ ឬបំបាក់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធបេឡារុស នោះក៏អាចនឹងត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារ ខណៈរុស្ស៉ីបានអនុម័តដូចគ្នានេះដែរ បន្ទាប់ពីបានចូលឈ្លានពានអ៊ុយក្រែន៕