(វ៉ាស៊ីនតោន)៖ នៅពេលដែលគេនិយាយពីការប្រកួតប្រជែងឥទ្ធិពល និងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន គេតែងតែផ្ដោតជាសំខាន់​លើតំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ប៉ុន្តែ ដូចគ្នាដែរ នៅពេលនិយាយដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គេមិនអាចមិននិយាយបានឡើយពីមហាអំណាចលេចមុខថ្មីនៅអាស៊ី នោះគឺឥណ្ឌា។ ក្រុមអ្នកបង្កើតគោលនយោបាយអាមេរិក បានចាត់ទុកថាឥណ្ឌាជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលអាចជួយសហរដ្ឋអាមេរិកក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន ពោលគឺការចូលរួម​របស់ឥណ្ឌាអាចកំណត់ពីជោគជ័យ ឬបរាជ័យ របស់ទីក្រុងវ៉ាស៊ីនតោន។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌាមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយភាពរីកចម្រើននេះទៀតសោត អាចបញ្ជាក់បានតាមរយៈ វត្តមានឥណ្ឌានៅក្នុងក្រុមប្រទេសក្វាដ (Quad) ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី និងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលត្រូវបានបង្កើតឡើងដោយលោក ចូ បៃដិន កាលពីខែឧសភា ឆ្នាំ២០២២។ ការខិតកាន់តែជិតគ្នារវាងអាមេរិក និងឥណ្ឌានេះដែរ ត្រូវបានក្រុមអ្នកវិភាគភាគច្រើនជឿថាដោយសារតែកើនឡើងឥទ្ធិពលចិន ដែលជាគូសត្រូវជម្លោះ ទឹកដីជាមួយចិន ហើយដែលនេះហាក់មើលទៅប្រទេសទាំង២ចាត់ទុកចិន ជា «សត្រូវរួម»។

ក៏ប៉ុន្តែ ទោះជាមានកង្វល់ដូចគ្នាចំពោះចិនក៏ដោយ ឥណ្ឌានៅតែមានការស្ទាក់ស្ទើរ និងព្រួយបារម្ភលើទំនាក់ទំនងជិតស្និទ្ធខ្លាំងពេកជាមួយសហរដ្ឋអាមេរិក។ ការស្ទាក់ស្ទើររបស់ឥណ្ឌា ត្រូវបានក្រុមអ្នកវិភាគពន្យល់ថាមកពីកត្តាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំង២ ដែលពោររពេញដោយការមិនចិត្តទុកគ្នា ព្រមទាំងគោលនយោបាយមិនចូលបក្សសម្ព័ន្ធដែល បន្សល់ទុកដោយអតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Jawaharlal Nehru ដែលនៅតែបន្តចាក់ឬយ៉ាងជ្រៅក្នុងនយោបាយឥណ្ឌាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។

នៅក្រោមការគិតរបស់លោក Nehru ឥណ្ឌាធ្លាប់ស្ថិតនៅក្រោមអាណានិគមបរទេសគឺអង់គ្លេសរហូតដល់ជិត ២០០ឆ្នាំ ហើយនេះជាហេតុផលមួយដែលអតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌារូបនេះ មិនមានឆន្ទៈក្នុងការចូលរួមក្នុងប្លុកសម្ព័ន្ធភាពណាមួយនៅក្នុងសម័យសង្រ្គាមត្រជាក់ ដោយសារតែលោកមិនចង់ឱ្យឥណ្ឌា​បោះបង់ចោល​ឯករាជ្យភាពនៃការគិត និងការធ្វើសកម្មភាព ទៅឱ្យប្រទេសដទៃជាអ្នកសម្រេចជំនួស។ គោលគំនិតបែបនេះនៅតែបន្តត្រូវបានលោកនាយករដ្ឋមន្ត្រីឥណ្ឌាសព្វថ្ងៃ ណារិនដ្រា ម៉ូឌី យកមកអនុវត្តតាមដដែល ដោយគេអាចយល់បាន តាមរយៈគោលជំហររបស់ឥណ្ឌាចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយដូចគ្នាទៅ​នឹង​លោក Nehru លោក ម៉ូឌី នៅតែ «អាលែរស៊ី» ទៅនឹងសម្ព័ន្ធភាពផ្លូវការជាមួយ សហរដ្ឋអាមេរិក និងមិនជ្រើសរើសឈរនៅខាងភាគីណាមួយឡើយ។ សម្រាប់​លោក ម៉ូឌី ឥណ្ឌាគួរតែងើបឡើងជាមហាអំណាចពិភពលោកមួយមានគោលនយោបាយការបទេសឯករាជ្យ ស្វ័យភាព និងមានយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅគ្រប់ស្ថានការណ៍។

និយាយជារួមឥណ្ឌា នៅតែបន្តពង្រឹងទំនាក់ទំនងជាមួយអាមេរិក និងបន្តចូលរួមក្នុងប្រព័ន្ធពហុភាគី តែព្រមពេលជាមួយគ្នាឥណ្ឌា ត្រូវធ្វើសកម្មភាពដោយឯករាជ្យដែលបានបង្ហាញយ៉ាង ច្បាស់រួចទៅហើយ នៅក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោក ម៉ូឌីកាលពីពេលថ្មីៗនេះ។ កាលពីខែឧសភា ឆ្នាំ២០២២ លោក ម៉ូឌី បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស Quad ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបង្ហាញភាពស្និទ្ធស្នាលជាមួយលោក ចូ បៃដិន។ តែ៤ខែក្រោយមក លោក ម៉ូឌី បានចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែល សុទ្ធសឹងតែជាមេដឹកនាំនៃប្រទេសដែលមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក។ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ត្រូវបានគេចាត់ទុកថាជាប្លុកមួយដែលទំនោរប្រឆាំងនឹង លោកខាងលិច។

លោក Derek Grossman ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន RAND Corporation មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថានេះសបញ្ជាក់យ៉ាងច្បាស់ពីការចាក់ឬស យ៉ាងជ្រៅនៃនយោបាយមិនចូលបក្សសម្ព័ន្ធ។ អ្នកវិភាគរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងគិតថាដោយសារតែពួកគេ (ឥណ្ឌា) គឺជាមហាអំណាចប្រជាធិបតេយ្យធំជាងគេ បំផុតនៅលើពិភពលោក...ពិតណាស់រឿងបែបនេះមិនគួរកើតឡើងឡើយ។ យើងត្រូវតែទទួលស្គាល់ការពិត នោះគឺពួកគេ (ឥណ្ឌា) នឹងមិនក្លាយជាសម្ព័ន្ធមិត្តផ្លូវការជាមួយពួកយើងទេ ពីព្រោះពួកគេប្រកាន់ខ្ជាប់នូវគោលនយោបាយមិនចូលបក្សសម្ព័ន្ធ និងយុទ្ធសាស្រស្វ័យភាពដែលជាស្នូលដ៏សំខាន់នៃគោលនយោបាយការបរទេស និងសន្តិសុខរបស់ពួកគេ។

នេះមានន័យថា ឥណ្ឌា និងសហរដ្ឋអាមេរិក នៅតែបន្តមានរួមរស់ជាមួយគ្នាដោយមានការគិតផ្សេងគ្នា។ ជាក់ស្ដែង ត្រឹមរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយឥណ្ឌាចូលរួមក្នុងក្របខណ្ឌ សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់លោក ចូ បៃដិន ទីក្រុងញូដេលីស្រាប់តែដកខ្លួនចេញពីការចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្ម​នៃក្របខណ្ឌសេដ្ឋកិច្ចនេះទៅវិញ។ លើសពីនេះទៅទៀត ជំហររបស់លោក ម៉ូឌី ចំពោះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏បានធ្វើឱ្យសហរដ្ឋអាមេរិកខកចិត្តផងដែរ។ ទោះបីជាលោក ម៉ូឌី រិះគន់លោក ពូទីន នៅក្នុងជំនួបនៅឯទីក្រុង Samarkand កាលពីខែកញ្ញាកន្លងទៅ ក៏ពិតមែន តែលោកនៅតែមិនអើពើឡើយពីសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យទីក្រុងញូដេលីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី។ មិនតែប៉ុណ្ណោះលោក ម៉ូឌី ថែមទាំង បានចូលរួមជាមួយលោក ស៊ី ជិនពីន ដោយបោះឆ្នោតអនុបវាទលើដំណោះស្រាយថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីទៀតផង ដែលជំហរបែបនេះត្រូវបានក្រុមមន្ត្រីអាមេរិក យល់ថាឥណ្ឌា ម្ដងនៅជាមួយអាមេរិក ម្ដងនៅជាមួយសត្រូវរបស់អាមេរិក។

យ៉ាងណាក៏ដោយ នៅក្នុងជំហរនេះ លោក ម៉ូឌី ចង់បង្ហាញថាឥណ្ឌានឹងព្យាយាមការពារផលប្រយោជន៍ជាតិរបស់ខ្លួន នៅគ្រប់ស្ថានការណ៍ បើទោះជាអាមេរិក ពេញចិត្ត ឬមិនពេញចិត្ត ក៏ដោយ។ សម្រាប់ឥណ្ឌា រុស្ស៉ីមិនត្រឹមតែជាអ្នកផ្គត់ផ្គង់ប្រេង និងអាវុធដ៏ធំមួយប៉ុណ្ណោះទេ តែក៏រុស្ស៉ីក៏ជាដៃគូមួយដែលឥណ្ឌាត្រូវការក្នុងការរក្សាតុល្យភាពអំណាចជាមួយចិនផងដែរ នោះគឺមិនចង់ឱ្យរុស្ស៉ីងាកទៅរកចិនទាំងស្រុង៕