(កៀវ)៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ (IAEA) បានព្រមានថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye របស់អ៊ុយក្រែនប្រឈមនឹងហានិភ័យខ្ពស់ជុំវិញការដាច់ចរន្តអគ្គិសនីជាញឹកញាប់ បន្ទាប់ពីការវាយប្រហារដោយបាញ់មីស៊ីលថ្មី ដែលបានបង្ខំឱ្យរោងចក្រនេះប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតដើម្បីដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកង់ារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣។
ចរន្តអគ្គិសនីគឺត្រូវការជាចាំបាច់ដើម្បីដំណើរការម៉ាស៊ីនបូមទឹក ដែលចរាចរទឹកទៅកាន់ម៉ាស៊ីនរ៉េអាក់ទ័រ និងអាងដែលផ្ទុកឥន្ធនៈនុយក្លេអ៊ែរ។
ប្រធាន IAEA លោក Rafael Grossi បានប្រាប់ក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារនេះថា «វាគឺមានហានិភ័យខ្ពស់ណាស់...ប្រសិនបើយើងអនុញ្ញាតឱ្យរឿងនេះបន្តម្តងហើយម្តងទៀត នោះថ្ងៃណាមួយ សំណាងរបស់យើងនឹងត្រូវអស់»។
គួរបញ្ជាក់ា លោក Grossi ធ្លាប់បានពិភាក្សាជាមួយអាជ្ញាធរក្រុងកៀវ និងម៉ូស្គូ អស់ជាច្រើនខែមកហើយ ដើម្បីព្យាយាមបង្កើតតំបន់ការពារជុំវិញរោងចក្រ ប៉ុន្តែការពិភាក្សាហាក់ដូចជាជាប់គាំង។
លោក Grossi បាននិយាយថា «យើងត្រូវតែប្ដេជ្ញាការពារបូរណភាព និងសុវត្ថិភាពរបស់រោងចក្រ...យើងត្រូវតែធ្វើការប្ដេជ្ញាចិត្តឥឡូវនេះ។ អ្វីដែលយើងត្រូវការគឺសកម្មភាព»។ ដោយលោកបានសង្កត់ធ្ងន់ថា «ខ្ញុំសូមរំលឹកអ្នកថា នេះគឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប»។
លោក Grossi បានកត់សម្គាល់ថា នេះជាលើកទីប្រាំមួយហើយដែលរោងចក្រ Zaporozhye ត្រូវបានផ្តាច់ចេញពីបណ្តាញអគ្គិសនី ចាប់តាំងពីវាត្រូវបានកាន់កាប់ដោយប្រទេសរុស្ស៊ីកាលពីមួយឆ្នាំមុន៕