(កៀវ)៖ បណ្តារដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់សហភាពអឺរ៉ុប បានជួបជុំគ្នាក្នុងក្រុង Stockholm នៃប្រទេសស៊ុយអែតដើម្បីជួយជំរុញអ៊ុយក្រែនធ្វើការប្រយុទ្ធយកជោគជ័យលើទាហានរុស្ស៊ី ។ ខណៈដែលអ៊ុយក្រែន បានត្អូញត្អែរជុំវិញការខ្វះគ្រាប់រំសេវ រដ្ឋមន្ត្រីនៃក្រសួងការពារជាតិ របស់សហភាពអឺរ៉ុបបានយល់ព្រមលើការជួយជំរុញឱ្យលឿនថែមទៀតនូវជំនួយគ្រាប់រំសេវ និងរៀបចំផែនការផលិតគ្រាប់ឱ្យកាន់តែច្រើនថែមទៀតដើម្បីជួយអ៊ុយក្រែន។ ប៉ុន្តែនៅជាមួយគ្នានេះ សេចក្តីរាយការណ៍បានបង្ហាញថា សមរភូមិបាក់មុតដែលអ៊ុយក្រែនព្យាយាម ក្រាញននៀលតស៊ូមិនឱ្យបាត់បង់នោះ ត្រូវបានអគ្គលេខាធិការអង្គការណាតូ បាននិយាយថា នឹងអាចធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ទាហានរុស្ស៊ីនាប៉ុន្មានថ្ងៃខាងមុខនេះហើយ។
អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលថេនប៊ើក (Jens Stoltenberg) បានថ្លែងថា ទីក្រុងបាកមុតនៅភាគខាងកើតប្រទេសអ៊ុយក្រែននោះ អាចនឹងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃ របស់រុស្ស៊ីនាប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយៈ ពេលរាប់ខែមក។ លោកបានថ្លែងថា រុស្ស៊ីបានបញ្ជូនទ័ពមកកាន់ក្រុងបាក់មុតជាច្រើនបន្ថែមទៀត បើទោះបីជាមានកម្លាំងបាត់បង់អស់ជាច្រើនយ៉ាងណាក៏ដោយ៖
លោក Jens Stoltenberg បានប្រាប់អ្នកកាសែតក្នុងឳកាសដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារ ជាតិអឺរ៉ុបថ្ងៃទី៨មីនា ក្នុងក្រុង Stockholm នៃប្រទេសស៊ុយអែតថា គេមិនអាចបដិសេធក្នុងការ និយាយថា ក្រុង Bakhmut នឹងអាចធ្លាក់ចូលក្នុងការកាន់កាប់របស់រុស្ស៊ីនាប៉ុន្មានថ្ងៃខាងមុខ នេះឡើយ ដូច្នេះវាចាំបាច់ណាស់ដែលយើងត្រូវបញ្ជាក់ថា គេមិនត្រូវមើលស្រាលទៅលើរុស្ស៊ីនោះឡើយ»។ លោក Jens Stoltenberg បានថ្លែងបង្ហាញថា បើសិនជាមានការបាត់បង់ក្រុងបាក់មុត រូបភាពនោះមិនមែនជាការឆ្លុះបញ្ចាំងនូវទិដ្ឋភាពសង្គ្រាមទាំងមូលនោះឡើយ។
អ្វីដែលអគ្គលេខាធិការអង្គការណាតូ បានលើកឡើងជុំវិញស្ថានការណ៍នៅ Bakhmut គឺនៅ ទន្ទឹមនឹងក្រុមទាហានស៊ីឈ្នួលប្រយុទ្ធ Wagner របស់រុស្ស៊ី ដែលកំពុងដឹកនាំការវាយលុកនៅ ក្រុងបាកមុតនោះបានប្រកាសថា គេបានដណ្ដើមផ្នែកខាងកើតនៃទីក្រុងឧស្សាហកម្មនេះហើយ។ នៅជាមួយគ្នានេះផងដែរ សេនាធិការដ្ឋានកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាន ឱ្យដឹងកាលពីថ្ងៃពុធ ទី៨ មីនាដែរថា «សត្រូវ បើទោះបីជារងការខូចខាតនិងបាត់បង់ច្រើនយ៉ាង ណាក៏ដោយនៅតែបន្តវាយសម្រុកចូលមកក្នុងក្រុងបាក់មុត»។
មេដឹកនាំក្រុម Wagner លោក Yevgeny Prigozhin បានថ្លែង តាមបណ្ដាញសង្គមបញ្ជាក់ថា កងកម្លាំងរបស់លោកបានដណ្ដើមយកផ្នែកខាងកើតទាំងអស់នៃទីក្រុងបាកមុតបានទាំងអស់ ហើយ។ ទីក្រុងបាកមុតគឺជាទីក្រុងឧស្សាហកម្ម រ៉ែអំបិល ដែលកាលពីមុនមានសង្គ្រាម គឺ មានប្រជាជនរស់នៅចំនួន៨ ម៉ឺននាក់ ។ ការប្រយុទ្ធគ្នានៅជុំវិញទីក្រុងបាកមុតនោះ បានអូស បន្លាយពេលយូរជាងគេបំផុត និងមានការបង្ហូរឈាមខ្លាំងជាងគេបំផុត នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលិនស្គី បានថ្លែងថា ប្រសិនបើបាកមុតធ្លាក់ ចូលទៅក្នុងដៃរបស់រុស្ស៊ីមែននោះៗ រុស្ស៊ីនឹងអាចវាយទម្លុះចូលខ្សែការពាររបស់អ៊ុយក្រែន ដោយរុលទ័ពសំដៅមកមុខបន្ថែមទៀត ចូលមកក្នុងបណ្ដាទីក្រុងដែលនៅក្បែរៗនោះ ។ លោក ហ្សេឡិនស្គី កាលពីថ្ងៃចន្ទបានដាក់បទបញ្ជាដល់មេបញ្ជាការអ៊ុយក្រែន មិនត្រូវបោះបង់ ចោលទឹកដីអ៊ុយក្រែនទៅឱ្យសត្រូវឡើយ។ លោកបានបញ្ជាឱ្យកងទ័ពអ៊ុយក្រែនត្រូវបន្តពង្រឹងបន្ថែមចំពោះទីតាំងឈរជើងរបស់ខ្លួននៅក្នុងទីក្រុងបាក់មុត និងបានបញ្ជាដល់មេបញ្ជាការ កងទ័ពអ៊ុយក្រែនត្រូវរកកម្លាំងសមស្របជាច្រើនទៀតបញ្ជូនទៅការពារក្រុងបាក់មុត។
បើយោងតាមសម្តីរបស់មេដឹកនាំក្រុម Wagnerរបស់រុស្ស៊ីបានថ្លែងប៉ាន់ប្រមាណថា នៅមាន ទាហានអ៊ុយក្រែនប្រមាណពី ១ម៉ឺន២០០០ ទៅ ២ម៉ឺននាក់ដែលកំពុងប្រយុទ្ធការពារ ទីក្រុងបាក់មុតនេះនៅឡើយទេ ។
រដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី លោក Sergei Shoigu បានប្រាប់មន្ត្រីយោធារបស់លោកកាលពីថ្ងៃអង្គារថា ការដណ្ដើមយកទីក្រុងនេះបាន នឹងអនុញ្ញាតឲ្យរុស្ស៊ីអាចធ្វើប្រតិបត្តិការវាយលុកបន្ថែមទៀតនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ។
ទន្ទឹមនឹងការរំពឹងបាត់បង់ក្រុងបាក់មុតនេះផងទៀត អគ្គលេខាធិការអង្គការណាតូ បានថ្លែង ថា គេនឹងបន្តផ្តល់ជំនួយនិងគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ លោកបានរំលឹកនូវជំនួយយោធានិងសេដ្ឋកិច្ចដល់អ៊ុយក្រែនកាលពីឆ្នាំកន្លងមកដែល មានទំហំជិត១៥០ពាន់លានអឺរ៉ូក្នុងនោះ៦៥ពាន់លានអឺរ៉ូ គឺជាជំនួយយោធា។ លោកបាន បញ្ជាក់នូវភាពចាំបាច់ដែលត្រូវបន្តជំនួយសេដ្ឋកិច្ច និងយោធាដល់ប្រទេសអ៊ុយក្រែនក្នុងពេល ដែលសង្គ្រាមបានឈានចូលក្នុងឆ្នាំទី២។
លោក Jens Stoltenberg បានថ្លែងថា វាចាំបាច់ត្រូវបង្កើនការផលិតគ្រាប់រំសេវ ដែលករណីផលិត គ្រាប់នេះ ត្រូវបានសមាជិកអង្គការណាតូតែងបានលើកឡើងថា គេនឹងព្រមព្រៀង ជាមួយគ្នានូវគោលការណ៍ថ្មី ភាពចាំបាច់ថ្មីនៃសេចក្តីត្រូវការបង្កើតជាកន្លែងស្តុកគ្រាប់រំសេវ នូវវិធី២ ដែលអាចបំពេញឃ្លាំងស្តុករបស់យើងផង និងអាចបន្តជួយផ្តល់ទៅឱ្យអ៊ុយក្រែនផង ដែរ។
ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ បានជំរុញឲ្យសហភាពអឺរ៉ុបបង្កើនការផ្គត់ផ្គង់គ្រាប់មកឲ្យខ្លួនដូចតាមការសន្យា។ ការជំរុញនោះគឺនៅទន្ទឹមនឹងរដ្ឋមន្ត្រីការពារជាតិអឺរ៉ុប បានជួបគ្នាក្នុងក្រុង Stockholm នៃប្រទេសស៊ុយអែតដើម្បីពិភាក្សាជុំវិញផែនការប្រើប្រាស់គ្រាប់នៅក្នុងឃ្លាំងរបស់ខ្លួនផង និងធ្វើការបញ្ជាទិញគ្រាប់រំសេវរួមគ្នាផង ក្នុងទំហំទឹកប្រាក់ ២ពាន់លានអឺរ៉ូ។ ប្រទេសអ៊ុយក្រែន ត្រូវគេរាយការណ៍ថាកំពុងប្រឈមមុខនឹងការខ្វះគ្រាប់ផ្លោង Howitzers ដោយសារតែ គ្រាប់ប្រភេទនេះ ត្រូវទាហានអ៊ុយក្រែនបានបាញ់រាប់ពាន់គ្រាប់ក្នុងមួយថ្ងៃៗ ដើម្បីទប់ទល់នឹងការវាយលុករបស់កងទ័ពរុស្ស៊ី ។
រដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប បានជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកអូឡិកស៊ី រេស្នីកូវ ដើម្បីពិភាក្សាអំពីតម្រូវការបន្ទាន់របស់ប្រទេសអ៊ុយក្រែននិងគម្រោងពង្រឹងឧស្សាហកម្មការពារជាតិរបស់អឺរ៉ុបសម្រាប់រយៈពេលវែងផងដែរ។
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Jose Pohel បានថ្លែងក្នុងសន្និសីទកាសែត បញ្ជាក់នូវលទ្ធផល ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុបបានបញ្ចប់ថា រហូតដល់ចុងខែមីនានេះ បេសកកម្មជំនួយ យោធារបស់យើងនឹងជួយហ្វឹកហ្វឺនទាហានអ៊ុយក្រែនជាងមួយម៉ឺនមួយពាន់នាក់ និងរហូត ដល់ចុងឆ្នាំ២០២៣ គេនឹងរំពឹងជួយបង្វឹកទាហានអ៊ុយក្រែនលើជំនាញប្រយុទ្ធឱ្យបានដល់ ៣ម៉ឺននាក់។ លោកបានថ្លែងថាសមាជិកនៃរដ្ឋក្នុងសហភាពអឺរ៉ុបបានសម្តែងក្តីពេញចិត្តអំពីលទ្ធ ផលដែលគេនឹងទទួលបានក្នុងបេសកកម្មនេះ និងបានប្តេជ្ញាថា នឹងបន្តធ្វើជាច្រើនថែមទៀត ជាពិសេសក្នុងពេលដែលរថក្រោះប្រយុទ្ធនឹងដឹកទៅដល់អ៊ុយក្រែន និងក្រុមនាវិកបើកបរត្រូវ តែមានការជួយបង្វឹកលើការប្រើប្រាស់រថក្រោះទំនើបទាំងនោះដែលការបង្វឹកនោះមិនមែនតែ ចំពោះរថក្រោះមួយៗប៉ុណ្ណោះនោះទេ ប៉ុន្តែសម្រាប់រថក្រោះទាំងអស់ដើម្បីការអាចប្រយុទ្ធរួម គ្នានៅលើសមរភូមិ»។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រេស្នីកូវ បានថ្លែងថា តម្រូវការអាទិភាពធំបំផុតរបស់អ៊ុយក្រែននៅពេលនេះ គឺប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ។ យោងតាម សេចក្តីសម្រេច ផ្នែកទីមួយនៃផែនការ គឺប្រើប្រាស់ថវិកា១ ពាន់លានអឺរ៉ូ ដើម្បីឲ្យរដ្ឋជាសមាជិកត្រូវបញ្ជូនគ្រាប់របស់ខ្លួនដែលមាននៅក្នុងឃ្លាំងស្រាប់ ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ចំណែកផ្នែកទីពីរនៃផែនការ គឺការបញ្ជាទិញរួមគ្នា ដើម្បីបំពេញតម្រូវ ការរបស់អឺរ៉ុបនិងអ៊ុយក្រែន ដែលនឹងផ្ដល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតគ្រាប់របស់អឺរ៉ុប ឲ្យបង្កើនសមត្ថភាពផលិតរបស់ខ្លួនថែមទៀត ។
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃ៣៧៨ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី៩ មីនាឆ្នាំ២០២៣។ ការវាយប្រហារគ្នាបានបន្តនៅលើសមរភូមិ និងមានសេចក្តីរាយការណ៍អំ ពីការបាញ់ផ្លោងមីស៊ីរុស្ស៊ីដាក់លើបណ្តាទីក្រុងអ៊ុយក្រែនថែមទៀត។
យោងតាមកម្មវិធីទូរទស្សន៍ TRT World របស់ប្រទេសតួកគី ខណៈដែលក្រុងបាក់មុតរំពឹងថា នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ទាហានរុស្ស៊ីនោះ គឺនៅថ្ងៃទី៩មីនា ឆ្នាំ២០២៣ រុស្ស៊ីបាន បន្តការវាយប្រហារបាញ់ដាក់លើទីតាំងថាមពលនៅទូទាំងអ៊ុយក្រែន។ អភិបាលខេត្ត Kharkiv លោក Oleg Synegubov បានថ្លែងថា ការវាយប្រហារនៅថ្ងៃទី៩មីនា ក្នុងក្រុងខាគីវមានចំនួន ១៥លើក និងការវាយប្រហារនោះ បានផ្តោតលើទីតាំងថាមពល សំខាន់ៗថែមទៀត។ ចំណែកនៅតំបន់ Odesa នោះវិញ អភិបាលគ្រប់គ្រងឈ្មោះ Maksym Marchenko បានថ្លែង ថា មានមីស៊ីលរបស់រុស្ស៊ីជាច្រើនបានបាញ់ចំលើទីតាំងថាមពលអគ្គីសនី និងបាញ់ចំអគារ ដែលមានប្រជាជនរស់នៅថែមទៀត។ ការបាញ់ដាក់ក្នុងតំបន់ Odesa នោះ មិនមានសេចក្តី រាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ឡើយ។ ចំណែកនៅក្នុងក្រុងគៀវនោះវិញ អភិបាល ក្រុងលោក Vitali Klitschko បានរាយការណ៍ជុំវិញការឮស្នូរផ្ទុះជាច្រើនក្នុងរដ្ឋធានី ដែលស្នូរ ផ្ទុះទាំងនោះ ត្រូវគេ និយាយថាជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី៕