(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន៦នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ មកលើតំបន់ពាសពេញប្រទេសអ៊ុយក្រែន កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈបើតាមការអះអាងរបស់អ៊ុយក្រែន គឺមីស៉ីលរហូតដល់ទៅជាង៨០គ្រាប់ ​ត្រូវបានប្រើ​ប្រាស់ ដោយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធនិងអគារស្នាក់នៅ ស្ថិតក្នុងតំបន់ចំនួន១០ បានរងការវាយប្រហារ ហើយអាជ្ញាធរអ៊ុយក្រែនតាមតំបន់បានប្រាប់ថា មានមនុស្សសរុបយ៉ាងហោច៦នាក់ស្លាប់ ក្នុងនោះ២នាក់នៅកៀវ ៣នាក់នៅខឺសុន និងម្នាក់នៅឌីនីប្រូ។ ក្រៅពីមនុស្សបាត់បង់ជីវិត ក៏មានការដាច់ចរន្តថាមពល ដែលនៅតំបន់ដែលទទួលរងការវាយប្រហារផងដែរ។

គួរបញ្ជាក់ថា បើតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៉ីបានបាញ់មីស៉ីលសរុប៨១គ្រាប់ ក្នុងនោះរួមមានមីស៉ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) ៦គ្រាប់ ព្រមទាំងដ្រូន៨គ្រឿង។ យោធាអ៊ុយក្រែនអះអាងថា ខ្លួនកម្ទេចមីស៉ីលគ្រូសរុស្ស៉ីបាន៣៤គ្រាប់ និងដ្រូនអត្តឃាត សាហ៉ីដ (Shahed) បាន៤គ្រឿង ខណៈដ្រូននិងមីស៉ីល៨ទៀត ត្រូវបានទប់ស្កាត់ឱ្យធ្វើដំណើរទៅដល់គោលដៅរបស់ពួកវា។ យ៉ាងណាមិញ យោធារបស់អ៊ុយក្រែនមិនអាចបាញ់ស្ទាក់មីស៉ីល គីនហ្សាល់ របស់រុស្ស៉ីបាននោះទេ៕