(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភថាអាចនឹងមានការរំខានរយៈពេលយូរ ដល់ការផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសស៉ីរី បន្ទាប់ពីអាកាសយានដ្ឋានក្នុងទីក្រុងអាឡិបប៉ូ (Aleppo) ត្រូវផ្អាកដំណើរការដោយសារតែ ការវាយប្រហារតាមផ្លូវអាកាស ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរីបានដាក់បន្ទុកលើប្រទេសអ៉ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បាននិយាយថា «ខណៈដែលយើងមិនអាចវិនិច្ឆ័យបានលើ ការវាយប្រហារតាមផ្លូវអាកាស ដែលកើតឡើងកាលពីថ្ងៃអង្គារកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភថាអាចនឹងមានការផ្អាករយៈពេលយូរ ចំពោះលំហូរនៃជំនួយមនុស្សធម៌»

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ (UN) លោក ហ្វាហាន ហាក់ (Farhan Haq) បានគូសបញ្ជាក់ថា «រាល់ជើងហោះហើរនៃសេវាកម្មមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ចេញពីទីក្រុងអាឡិបប៉ូ ត្រូវបានផ្អាក។ វាជាជើងហោះហើរដែលត្រូវដឹកជញ្ជូនបុគ្គលិកផ្តល់ជំនួយ និងសង្គ្រោះជីវិត ហើយត្រូវតែបន្តឡើងវិញដោយគ្មានការពន្យារពេល។ យើងអំពាវនាវដល់ភាគីទាំងអស់ គោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការប្រុងប្រយ័ត្នដែលអាចធ្វើបានទាំងអស់ ដើម្បីចៀសវាងនាំទុកដល់ជនស៊ីវិល និងប៉ះពាល់ដល់ជំនួយរបស់ពួកគេ»

គួរបញ្ជាក់ថា អាកាសយានដ្ឋានទីក្រុងអាឡិបប៉ូ ត្រូវបានប្រើប្រាស់ដើម្បីនាំយកជំនួយមនុស្សធម៌ដល់ជនរងគ្រោះ ពីការរញ្ជួយដីដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ កាលពីខែកុម្ភៈ។ បើតាម UN ក្រសួងដឹកជញ្ជូនរបស់ប្រទេសស៉ីរី បានបង្វែរជើងហោះហើរទាំងអស់ជាមួយនិងជំនួយ ទៅកាន់ទីក្រុងដាម៉ាស (Damascus) ឬទីក្រុងឡាតាគា (Latakia)។ ជុំវិញការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរីថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ យោធាអ៉ីស្រាអែលបានបដិសេធធ្វើអត្ថាធិប្បាយ៕