(គួឡាឡាំពួ)៖ អាជ្ញាធរម៉ាឡេស៉ីនាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីលោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) ហើយនឹងចោទប្រកាន់ រូបលោកជាផ្លូវការនៅថ្ងៃសុក្រស្អែក ពាក់ព័ន្ធបទល្មើសពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៉ី ហៅកាត់ MACC បានចេញសេចក្តីថ្លែងការណ៍ថា លោក មូយីដឌីន ត្រូវចាប់ខ្លួនបន្ទាប់ពីរូបលោកត្រូវបានសួរចម្លើយ ជុំវិញគម្រោងស្តារសេដ្ឋកិច្ចមួយ ដែលត្រូវបានដំណើរការដោយរដ្ឋាភិបាលរបស់លោក។ បើតាម MACC លោក មូយីដឌីន ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តី សម្រាប់រយៈពេល១៧ខែ កាលពីចន្លោះឆ្នាំ២០២០-២០២១ ពោលគឺកំលុងម៉ាឡេស៉ីស្ថិតក្រោមវិធានការបិទខ្ទប់កូវីដ១៩ នឹងត្រូវចោទប្រកាន់នៅក្រោមច្បាប់ ពាក់ព័ន្ធការរំលោភអំណាច និងការលាងលុយកខ្វក់។
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ីរូបនេះ ហើយនិងគណបក្សរបស់លោក គឺបានប្រឈមការស៉ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ ចាប់តាំងពីទទួលបរាជ័យនៅក្រោមដៃ នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) នៅក្នុងការបោះឆ្នោតសកល កាលពីវិច្ឆិកា ឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុន លោក អាន់វ៉ា បានចេញបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញ ចំពោះគម្រោងផ្សេងៗរបស់រដ្ឋាភិបាល មានតម្លៃសរុបរាប់ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលលោក មូយីដឌីន ក្នុងនោះរួមមានទាំងកម្មវិធីផ្តល់ជំនួយទាក់ទងវិបត្តិកូវីដ១៩ ក្រោមការសង្ស័យថា ថវិកានៃគម្រោងទាំងអស់នោះ ត្រូវបានចំណាយដោយពុំមានការឆ្លងកាត់នីតិវិធីត្រឹមត្រូវ៕