(សានណា)៖ មន្ត្រីក្នុងតំបន់នោះបានឱ្យដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ មានមនុស្ស ២១នាក់ ភាគច្រើនជាស្រ្តីនិងកុមារ បានស្លាប់ បន្ទាប់ពីទូកមួយដែលដឹកអ្នកដំណើរ២៧នាក់ បានក្រឡាប់លិចនៅតំបន់សមុទ្រក្រហម ក្បែរឆ្នេរភាគភាគពាយព្យនៃប្រទេសយេម៉ែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ខែមីនា ឆ្នាំ២០២៣។

លោក អាក្រាម អាល់អាដាល (Akram al-Ahdal) ដែលជាជាមន្ត្រីក្នុងតំបន់ បានប្រាប់ទៅសារព័ត៌មាន ស៉ីនហួរ (XinHua) ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅពេលរសៀលថ្ងៃអង្គារ ក្បែរសង្កាត់អាលូហេយ៉ា (Alluheyah) ដែលនៅផ្នែកខាងជើងនៃទីក្រុងហូដីដា (Hodeidah)។ អ្នកដំណើរទាំងនោះ សុទ្ធតែជាអ្នកភូមិ ដោយពួកគេស្ថិតក្នុងការធ្វើដំណើរចេញពីសង្កាត់អាលូហេយ៉ា ឆ្ពោះទៅកាន់កោះកាម៉ារ៉ាន (Kamaran) ដែលជាកោះធំបំផុតរបស់យេម៉ែន នៅលើផ្ទៃសមុទ្រក្រហម ដើម្បីចូលរួមពិធីមង្គលការមួយ។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរយេម៉ែន ក្នុងចំណោមអ្នកបាត់បង់ជីវិត មានស្រ្តី១២នាក់ កុមារ៧នាក់ និងបុរស២នាក់។ ដោយឡែក កោះការ៉ាម៉ាននិងទីក្រុង​ហូដីដា គឺបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូទី ចាប់តាំងតែពីខែតុលា ឆ្នាំ២០១៤មក៕