(ស៉ីដនី)៖ រដ្ឋមន្ត្រីការពារជាតិអូស្រា្តលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វត្តមាននាវាមុជទឹកនុយក្លេអ៊ែរក្នុងប្រទេសអូស្ត្រាលី នឹងរួមចំណែកដល់ការធានាបាននូវសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងមហាសមុទ្រឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

ក្រសួង​ការ​បរទេសអូស្រ្តាលី នៅក្នុងខែមីនានេះ ​បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដ៏សំខាន់មួយរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងកង់បេរ៉ា និងទីក្រុងឡុងដ៍ ដែលគេឲ្យឈ្មោះថា AUKUS និងបានប្រកាសកាលពីឆ្នាំ២០២១ ផ្តល់ឲ្យអូស្ត្រាលីនូវបច្ចេកវិទ្យា និងសមត្ថភាព ក្នុងការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំពេលមានការកសាងយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក ម៉ាល បានប្រាប់សភាអូស្រ្តាលី យ៉ាងដូច្នេះថា «ច្បាស់ណាស់ថា នាវាមុជទឹកទាំងនេះមានសមត្ថភាពធ្វើប្រតិបត្តិការក្នុងសង្គ្រាម ប៉ុន្តែចេតនាពិតនៃការបំពាក់នាវាមុជទឹកនេះ គឺដើម្បីផ្តល់ស្ថេរភាព និងសន្តិភាព សម្រាប់តំបន់របស់យើង។ ខ្ញុំចង់និយាយទៅកាន់ប្រទេសជិតខាង និងមិត្តរបស់យើងជុំវិញពិភពលោកថា នៅពេលដែលអូស្ត្រាលីវិនិយោគលើវិស័យការពារជាតិ មួយផ្នែកគឺជាការរួមចំណែករបស់យើងចំពោះសន្តិភាព និងស្ថិរភាពនៃតំបន់ និងពិភពលោក»។

គួរបញ្ជាក់ថា អូស្រ្តាលី ត្រូវបានរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន US Virginia ចំនួន៥គ្រឿងពីសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០។ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ក្នុងទីក្រុងសាន់ ឌីអាហ្គោ (San Diego) ដែលជាទីតាំងប្រតិបត្តិការទ័ពជើងទឹកអាមេរិកដ៏សំខាន់មួយ ដើម្បីរៀបចំផែនការឆ្ពោះទៅមុខសម្រាប់ផែនការរបស់អូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕