(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចមួយរបស់ តុលាការដែលកំណត់ឱ្យរដ្ឋាភិបាលត្រូវផ្តល់សំណងដល់ ជនជាតិវៀតណាមម្នាក់ដែលជាជនរងគ្រោះ អំលុងសម័យសង្រ្គាមវៀតណាម ជាពេលដែលទាហាន​កូរ៉េខាងត្បូង ប្រហែល៣០០,០០០នាក់ បានជួយកងទ័ពអាកាសអាមេរិកប្រយុទ្ធ ក្នុងសង្រ្គាមនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

កាលពីខែកុម្ភៈកន្លងទៅ តុលាការសង្កាត់កណ្តាលនៃទីក្រុងសេអ៊ូលបានបង្គាប់ឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់ថវិកាចំនួន៣០លានវ៉ុន (២២,៧៣០ដុល្លារអាមេរិក) ដើម្បីជា​សំណង រួមជាមួយប្រាក់បន្ថែមផ្សេងទៀតសម្រាប់ភាពយឺតយ៉ាវ ឱ្យទៅបុគ្គលឈ្មោះ ង្វៀន ធីថាញ់ (Nguyen Thi Thanh) ដែលជាជនរងគ្រោះម្នាក់នៅក្នុង​ការប្រព្រឹត្តអំពើយង់ឃ្នង ដោយក្រុមទាហានកូរ៉េខាងត្បូង ទៅលើប្រជាជនស៉ីវិលវៀតណាម អំលុងសង្រ្គាមនាពេលនោះ។ ការសម្រេចនោះ គឺជាការទទួលស្គាល់​តាមផ្លូវច្បាប់លើកដំបូងបំផុត នៃការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងត្បូង នៅក្នុងអំពើឃោរឃៅរទាំងឡាយ ដែលត្រូវបានប្រព្រឹត្តអំលុងសង្រ្គាមវៀតណាម។

គួរបញ្ជាក់ថា លោកស្រី ង្វៀន ដែលបច្ចុប្បន្នមានអាយុ៦៣ឆ្នាំ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០ ដើម្បីព្យាយាម​ទាមទារ ប្រាក់សំណងចំនួន៣០លានវ៉ុន ក្រោមហេតុផលថា លោកស្រីបានបាត់បង់សមាជិកគ្រួសារ ហើយថែមទាំងទទួលរងរបួសខ្លួនឯងទៀតផង នៅពេល​កងម៉ារីនកូរ៉េខាងត្បូង សម្លាប់ជនស៉ីវិលប្រហែល៧០នាក់ នៅក្នុងស្រុកកំណើតរបស់លោកស្រី ដែលស្ថិតនៅខេត្តក្វាងណាំ (Quang Nam) ភាគកណ្តាលប្រទេសវៀតណាម កាលពីឆ្នាំ១៩៦៨៕