(អ៊ីស្លាម៉ាបាដ)៖ អង្គការសហប្រជាជាតិបានរាយលការណ៍នៅថ្ងៃពុធនេះថា ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានមក ប្រទេសនេះបានក្លាយជាប្រទេសដែលមានការគាបសង្កត់ធ្ងន់ធ្ងរបំផុតលើសិទ្ធិស្ត្រី និងក្មេងស្រីនៅលើពិភពលោក ខណៈដែលពួកគេត្រូវបានបដិសេធនូវសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទិវានារីអន្តរជាតិ បេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថា មេដឹកនាំថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថានបានបង្ហាញពី «ការផ្តោតសំខាន់ស្ទើរតែឯកតោភាគី លើការអនុវត្តច្បាប់ដែលធ្វើឱ្យស្ត្រី និងក្មេងស្រីភាគច្រើនជាប់នៅក្នុងផ្ទះរបស់ពួកគេ»។
លោកស្រី Roza Otunbayeva តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានគណៈប្រតិភូអាហ្វហ្គានីស្ថានបាននិយាយថា «អាហ្វហ្គានីស្ថានស្ថិតនៅក្រោមក្រុមតាលីបង់ នៅតែជាប្រទេសដែលគាបសង្កត់ធ្ងន់ធ្ងរបំផុតលើសិទ្ធិស្ត្រីនៅទូទាំងពិភពលោក»។
លោកស្រីបានបន្ថែមថា «វាជារឿងគួរឲ្យព្រួយបារម្ភក្នុងការឃើញកិច្ចខិតខំប្រឹងប្រែងជាវិធីសាស្ត្រ ចេតនា និងជាប្រព័ន្ធដើម្បីរុញស្ត្រី និងកុមារីអាហ្វហ្គានីស្ថានចេញពីវិស័យសាធារណៈ»។
ការរឹតបន្តឹង ជាពិសេសការហាមប្រាមលើការអប់រំនៅកម្រិតឧត្តមសិក្សា ក៏ដូចជាហាមមិនឱ្យធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលជាដើម បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីសហគមអន្តរជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក្រុមតាលីបង់ មិនបានបង្ហាញពីសញ្ញានៃការថយក្រោយឡើយ ដោយអះអាងថា បម្រាមនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែស្ត្រីមិនបានប្រកាន់ខ្ជាប់ឱ្យបានត្រឹមត្រូវខ្ជាប់នូវច្បាប់បែងចែកភេទ។
ចំពោះការហាមប្រាមលើការសិក្សានៅសាកលវិទ្យាល័យ រដ្ឋាភិបាលតាលីបង់អះអាងថា មុខវិជ្ជាមួយចំនួនដែលត្រូវបានបង្រៀន មិនស្របនឹងតម្លៃអាហ្វហ្គានីស្ថាន និងអប់រំអ៊ីស្លាមឡើយ៕