(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នៅថ្ងៃពុធនេះ បាននិយាយថា រូបលោកនឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំទ្វេភាគីជាមួយ លោក ចូ បៃដិន ក្រោយដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។
លោក អាល់បានីស បានប្រាប់ក្រុមអ្នកសារព័ត៌មានដូចខាងលើ មុនពេលលោកចាកចេញពីប្រទេសអូស្រ្តាលី ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពី កាលបរិច្ឆេទជាក់លាក់ នៃផែនការបំពេញទស្សនកិច្ចទៅកាន់អាមេរិកនោះឡើយ។ យ៉ាងណាក្តី បើតាមសេចក្តីរាយការណ៍ កាលពីថ្ងៃអង្គាររបស់សារព័ត៌មាន Sydney Morning Herald លោក អាល់បានីស ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសាងសង់ក្រុមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ កំលុងទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍ក្រោយ។
កាសែត Sydney Morning Herald ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលស្ថិតក្រោមក្របខណ្ឌ នៃសម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងទីក្រុងសាន់ឌីអេហ្គោ (San Diego) ជាមួយវត្តមានរបស់លោក បៃដិន ហើយនិងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak)។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក អាល់បានីស ទៅកាន់ឥណ្ឌាក្នុងសប្តាហ៍នេះ គឺជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាយករដ្ឋមន្រ្តីអូស្រ្តាលី នៅប្រទេសអាស៉ីខាងត្បូងមួយនេះ គិតចាប់តាំងពីឆ្នាំ២០១៧មក។ លោក អាល់បានីស នឹងស្ថិតនៅទីនោះរហូតដល់ថ្ងៃសៅរ៍ ហើយលោកនឹងបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងអូស្រ្តាលី-ឥណ្ឌា ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅទីក្រុងញូដេលី៕