(ហ្ស៊េរុយសាឡិម)៖ កងកម្លាំងអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៦នាក់ និង១១នាក់ផ្សេងទៀតបានរងរបួស នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅឯទីក្រុង ជេនីន (Jenin) នៃតំបន់ (West Bank)។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលប៉ាឡេស្ទីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងទៀតថាមនុស្ស ២នាក់ ក្នុងចំណោមអ្នករងរបួស បានរងរបួសធ្ងន់ធ្ងរ។ ដោយឡែក សាក្សីនៅកន្លែង កើតហេតុ បានប្រាប់ AFP ថាផ្ទះមួយខ្នងត្រូវបានកងកម្លាំងអ៉ីស្រាអែលឡោមព័ទ្ធ និងរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ ចំណែកឯ វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏បានបង្ហាញដែរពីឧទ្ធម្ភាគចក្រមួយគ្រឿងហោះពីលើរថពាសដែកជាច្រើនគ្រឿងកំពុងបើកចូលក្នុងទីក្រុង Jenin។
ខាងអាជ្ញាធរអ៉ីស្រាអែល បានអះអាងថាបុរសម្នាក់នៅក្នុងចំណោមមនុស្សត្រូវបានសម្លាប់ គឺជាអ្នកនៅពីក្រោយការបាញ់សម្លាប់ជនជាតិអ៉ីស្រាអែល២នាក់ មកពីតំបន់តាំងទីលំនៅខុសច្បាប់ ស្ថិតនៅក្បែរ ភូមិ ហ៊ូវ៉ារ៉ា (Huwara) របស់ប៉ាឡេស្ទីនកាលពីសប្ដាហ៍មុន។
គួរបញ្ជាក់ថា នេះគឺជាប្រតិបត្តិការវាយឆ្មក់លើកចុងក្រោយបំផុតមួយ របស់កងកម្លាំងអ៉ីស្រាអែល នៅក្នុងតំបន់ West Bank ដោយកាលពីខែកុម្ភៈកន្លងទៅ ការវាយឆ្មក់ទាំងកណ្ដាលថ្ងៃមួយនៅក្នុង ទីក្រុង ណាប្ល៊ូស (Nablus) បានបណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន១១នាក់បានស្លាប់៕