(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយថា ប្រទេសចិនត្រូវតែពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀត ខណៈដែលពិភពលោកកាន់តែមានភាពច្របូកច្របល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣។
លោក Qin បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះថា ទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំទាំងពីរគឺប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ី។
លោក Qin បាននិយាយការពារទំនាក់ទំនងមិត្តភាពរវាងចិននិងរុស្ស៊ី ដែលត្រូវបានលោកខាងលិចឃ្លាំមើលយ៉ាងជិតស្និទ្ធចំពោះសង្គ្រាមនៅអ៊ុយក្រែន យ៉ាងដូច្នេះថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងក្រុងម៉ូស្គូគឺជា «គំរូសម្រាប់ទំនាក់ទំនងការទូតពិភពលោក»។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបន្ថែតទៀតថា «មានតែពេលដែលចិន និងរុស្ស៊ីធ្វើការជាមួយគ្នាទេ ទើបពិភពលោកមានសន្ទុះ។ ពិភពលោកកាន់តែមិនមានស្ថេរភាព វាកាន់តែចាំបាច់សម្រាប់ប្រទេសចិន និងរុស្ស៊ីក្នុងការពង្រឹងទំនាក់ទំនងរបស់ពួកគេជាលំដាប់»៕