(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានដាក់បទបញ្ជាដល់មេបញ្ជាការអ៊ុយក្រែន មិនត្រូវបោះបង់ចោលទឹកដីអ៊ុយក្រែនទៅឱ្យសត្រូវឡើយ។ ការដាក់បទបញ្ជានេះ បានធ្វើឡើងទន្ទឹមនឹងមានសេចក្តីរាយការណ៍ ជុំវិញការខ្វែងគំនិតគ្នាខ្លះរវាង លោក ហ្សេឡិនស្គី និងមេបញ្ជាការប្រយុទ្ធផ្ទាល់លើសមរភូមិបាក់មុត ដែលស្នើឱ្យមានការបោះបង់ចោលក្រុងនោះសិន ខណៈដែលរុស្ស៊ីបានធ្វើការវាយប្រយុទ្ធឡោមព័ទ្ធខ្លាំងក្លា។ ការវាយប្រហារស៊ីសាច់ហុតឈាមដណ្តើមយកក្រុងបាក់មុត នៅតែបន្តបើទោះបីជាក្រុងទាំងមូលត្រូវគេរាយការណ៍ អំពីការបំផ្លាញខូចខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សស្លាប់ដែលគេមិនអាចរាប់បានដឹងពិតប្រាកដនោះឡើយ។ កងកម្លាំងរបស់អ៊ុយក្រែនត្រូវគេរាយការណ៍ថា កំពុងតែក្រាញប្រយុទ្ធដើម្បីបន្តគ្រប់គ្រងលើទីក្រុងរ៉ែអំបិលនេះ បើទោះបីជាមានការនិយាយថា ក្រុងបាក់មុតទំនងចៀសមិនផុតពីការដណ្តើមបានពីទាហានរុស្ស៊ីនោះក៏ដោយ។ ខណៈដែលមានសេចក្តីរាយការណ៍ថា មានអង្គភាពអ៊ុយក្រែនមួយចំនួនបានដកចេញពីទីក្រុងដែលខ្ទេចខ្ទាំនេះ ស្រាប់តែមានបញ្ជាដាក់ចេញពីមេដឹកនាំអ៊ុយក្រែន លោក ហ្សេឡិនស្គី មិនត្រូវឱ្យទាហានអ៊ុយក្រែនត្រូវបោះបង់ទឹករបស់ខ្លួនឱ្យសត្រូវឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលិនស្គី បានជួបប្រជុំជាមួយនឹងមេបញ្ជាការកំពូលៗ កាលពីថ្ងៃចន្ទ ហើយការិយាល័យរបស់លោកបានបញ្ជាក់ថា ឧត្តមសេនីយ៍អ៊ុយក្រែន បានគាំទ្រឲ្យបន្តប្រតិបត្តិការការពារទីក្រុងនេះបន្តទៅទៀត ហើយកងទ័ពត្រូវបន្តពង្រឹងបន្ថែមចំពោះទីតាំងឈរជើងរបស់ខ្លួននៅក្នុងទីក្រុងបាក់មុតនោះ បើទោះបីជាមានសេចក្តីរាយការណ៍ ជុំវិញការបាត់បង់ជីវិតទាហានអ៊ុយក្រែនជាច្រើននោះក៏ដោយ។ លោក ហ្សេឡិន ស្គី បានថ្លែងថាលោកបានប្រាប់មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន ត្រូវរកកម្លាំងដែលសមស្របជាច្រើនទៀតដើម្បីបញ្ជួនការពារក្រុងបាក់មុត។ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែមិនបានបញ្ជាក់ឡើយថាតើមានកងទ័ពប៉ុន្មាននាក់ដែលបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានោះ ហើយអ្នកសង្កេតការណ៍និយាយថា រុស្ស៊ី និងអ៊ុយក្រែនកំពុងព្យាយាមធ្វើឲ្យគូបដិបក្ខខ្សោះកម្លាំង និងធនធានរៀងៗខ្លួន ។ លោក ហ្សេឡិនស្គី បានថ្លែងដាក់បទបញ្ជាថាគ្មានទឹកដីណាមួយរបស់អ៊ុយក្រែននឹងត្រូវបោះបង់ចោលឡើយ។

ការដាក់បទបញ្ជារបស់ លោក ហ្សេឡិនស្គីនេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍តាមកាសែតអាល្លឺម៉ង់ Bild Newspapers ដែលដកស្រង់សម្តីប្រភពរដ្ឋាភិបាលអ៊ុយក្រែនដែលនិយាយថា មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន នាយឧត្តមសេនីយ៍ Valery Zaluzhny បានខ្វែងគំនិតជាមួយនឹង លោក ហ្សេឡិនស្គី អំពីការធ្វើប្រតិបត្តិការដែលលោកបានស្នើថា គេត្រូវតែដកកងទ័ពចេញពីក្រុងបាកមុតនោះសិន។ កាសែត អាល្លឺម៉ង់ Bild បានសរសេរថាសម្តីរបស់ លោក មេបញ្ជាការ Valery Zaluzhny ស្នើរកការដកកងទ័ពចេញសិននោះត្រូវបានមន្ត្រីយោធាអ៊ុយក្រែនខ្លះគាំទ្រ ប៉ុន្តែលោក ហ្សេឡិនស្គី មិនបានគាំទ្រនឹងសំណើដកចេញនោះទេ។ លោក ហ្សេឡិនស្គី ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ បានបញ្ជាក់ថា សេចក្តីសម្រេចរបស់បញ្ជាការដ្ឋានកងទ័ព គឹមិនត្រូវដកទ័ពប៉ុន្តែត្រូវតែពង្រឹងកម្លាំងបញ្ចួលបន្ថែមទៀតដើម្បីការពារក្រុងបាកមុត។ សេចក្តីរាយការណ៍ពីសមរភូមិ បានដកស្រង់សម្តីអភិបាលរងក្រុងបាក់មុត លោក Oleksandr Marchenko បានថ្លែងថា រុស្ស៊ីនៅមិនទាន់បានដណ្តើមយកទីក្រុងបាក់មុតនោះនៅឡើយទេ។

នៅទន្ទឹមនឹងការវាយប្រហារបាននិងកំពុងបន្តនេះផងទៀត សេចក្តីរាយការណ៍ផ្សេងទៀតបានបង្ហាញថាពីភាគីរុស្ស៊ីនោះវិញ ក៏មានការខ្វែងគំនិតគ្នារវាងកងទ័ពរុស្ស៊ីនិងកងទ័ពស៊ីឈ្នួលប្រយុទ្ធ Wagner ដែលកំពុងដឹកនាំការប្រយុទ្ធក្នុងក្រុងបាក់មុតនោះផងដែរ។ មេដឹកនាំ Wagner នៃក្រុមទាហានស៊ីឈ្នួលរុស្ស៊ី លោក YevGeny Prigozhin ដែលបានបញ្ជួនទាហានស៊ីឈ្នួលរបស់ខ្លួនច្រើនម៉ឺននាក់ ទៅកាន់សមរភូមិបាក់មុតបានត្អូញត្អែរជុំវិញការខ្វះអាវុធ គ្រាប់រំសេវ និងបានចោទប្រកាន់មន្ត្រីក្រសួងការពារជាតិរុស្ស៊ីថា ការផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវមិនទាន់ដល់ក្រុមទាហានស៊ីឈ្នួលរបស់លោក អាចមានបញ្ហា២ គឺបញ្ហាការិយាល័យនិយម ឬអំពើក្បត់។ លោក YevGeny Prigozhin បាននិយាយកាលពីថ្ងៃចន្ទថា តំណាងរបស់លោកថែមត្រូវបានគេរារាំងមិនឱ្យចូលក្នុងបញ្ជាការដ្ឋានប្រតិបត្តិការរបស់រុស្ស៊ីថែមទៀត។ ការចោទប្រកាន់ជុំវិញភាពបែកបាក់គ្នា រវាងទាហានរុស្ស៊ីនិងក្រុម ទាហានស៊ីឈ្នួល Wagner នេះ ត្រូវបានក្រសួងការពារជាតិរុស្ស៊ីបដិសេធ។

ក្រុមអ្នកវិភាគ បាននិយាយថា ក្រុងបាក់មុតមានតម្លៃតិចតួចជាក្រុងយុទ្ធសាស្ត្រ ប៉ុន្តែវាជាចំណុចសំខាន់ចំពោះមេបញ្ជាការរុស្ស៊ី។ មេបញ្ជាការរុស្ស៊ីនិយាយថា ការគ្រប់គ្រងបាននូវក្រុងបាក់មុត នឹងជួយផ្តល់ប្រយោជន៍ដល់រុស្ស៊ី ក្នុងការស្ថិតកាន់តែកៀកនឹងគោលដៅគ្រប់គ្រងទាំងស្រុង លើតំបន់ដូណេតស៍។ ដូណេតស៍គឺជាតំបន់មួយក្នុងតំបន់ទាំង៤ដែលរុស្ស៊ីបានកាត់ យកជាទឹកដីរណបកាលពីចុងខែកញ្ញា ឆ្នាំ២០២២ តាមរយៈការធ្វើប្រជាមតិ។ អ្នកនាំពាក្យយោធាម្នាក់នៃកងពលធំរបស់អ៊ុយក្រែនដែលធ្វើប្រតិបត្តិការក្បែរបាក់មុត បានថ្លែងថា ការវាយប្រហារជាប់មិនដាច់សូររបស់រុស្ស៊ីនៅតែមិនទាន់អាចឈ្នះលើទាហានអ៊ុយក្រែន។ មន្ត្រីនាំពាក្យរូបនោះនិយាយថា វាច្បាស់ណាស់ថាកងទ័ពសត្រូវបានប្រឈមនឹងការខ្វះគ្រឿង សព្វាវុធ ប៉ុន្តែពួកគេនៅតែមានខ្លះ។ ពួកគេចង់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដឹកជញ្ជួនស្បៀងរបស់យើង និងចង់ចូលមកក្នុងតំបន់ទីតាំងដែលយើងគ្រប់គ្រង ប៉ុន្តែពួកគេមិនមានធនធានគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការទាំងនោះឡើយ។ សង្គ្រាមប្រយុទ្ធស្លាប់រស់រវាងទាហានរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តថែមទៀតខណៈដែលសង្គ្រាមបានឈានចូលដល់៣៧៦ថ្ងៃហើយគិតត្រឹមថ្ងៃអង្គារ៍នេះ។

សហរដ្ឋអាមេរិក បានថ្លែងថា បើទោះបីជារុស្ស៊ីនឹងអាចដណ្តើមកាន់កាប់ក្រុងបាក់មុតនេះក៏ដោយ ក៏មិនមែនមានន័យថាជាការអាចជួយឱ្យរុស្ស៊ីមានកម្លាំងសន្ទុះទៅមុខក្នុងការអាចយក ឈ្នះសង្គ្រាមក្នុងអ៊ុយក្រែនបានដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចរបស់លោក នៅតំបន់មជ្ឈិមបូព៌ាថា ចំពោះរុស្ស៊ីក្រុងបាក់មុតវាមានតម្លៃជានិមិត្តរូបជាងតម្លៃប្រតិបត្តិការនិងយុទ្ធសាស្រ្ត។
នៅលើសមរភូមិនោះវិញ កងកម្លាំងរុស្ស៊ីត្រូវគេរាយការណ៍ថាបានបាញ់បង្ហោះដ្រូនអត្តឃាត អ៊ីរ៉ង់ប្រភេទ Shahed Drones ចំនួន១៥គ្រឿងចេញពីទឹកដីរុស្ស៊ីនៃតំបន់ Bryansk ភាគឥសាន នៃក្រុងកៀវវចូលមកក្នុងអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនបានថ្លែងថា គេបានបាញ់ទម្លាក់ដ្រូន នោះបានចំនួន១៣ គ្រឿង។ ដោយឡែកនៅលើទឹកដីរុស្ស៊ីនៃតំបន់ Belgorod នោះវិញ មនុស្សម្នាក់បានរងរបួស បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន៣គ្រាប់។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើមីស៊ីល៣គ្រាប់ដែលបានបាញ់ទម្លាក់នោះ ជាមីស៊ីលរបស់ក្រុមណាដែលស្ថិតនៅពីខាងក្រោយខ្នងនោះឡើយ៕