(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានលើកឡើងថា ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមានហានិភ័យនៃការធ្លាក់ចុះ ប្រសិនបើទីក្រុងវ៉ាស៉ីនតោននៅតែបន្តដើរលើផ្លូវខុស ដោយបន្តយកបញ្ហារបស់តៃវ៉ាន់ ក្នុងចំណោមមធ្យោបាយផ្សេងទៀត ដើម្បីមកខ្ទប់ឥទ្ធិពលរបស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយ រដ្ឋមន្ត្រីការបរទេសចិន ឈិន កាង (Qin Gang) បានចោទប្រកាន់សហរដ្ឋអាមេរិកថាមានទស្សនៈ «បំភ្លៃយ៉ាងធ្ងន់ធ្ងរ» អំពីប្រទេសចិន ហើយវាត្រូវបានគេហៅថាជា «ការបង្កើតផ្លូវដើម្បីរារាំង ហើយគិតថាចិនមិនអាចទប់ទល់បាន»។

លោក ឈិន បានបន្ថែមថា «ប្រសិនបើអាមេរិកមិនចាប់ហ្វ្រាំង ហើយបន្តដើរខុសផ្លូវ នោះគ្មានរនាំងការពារណាមួយ ដែលអាចបញ្ឈប់ការធ្លាក់ចេញពីផ្លូវនោះទេ។ វានឹងធ្វើឲ្យធ្លាក់ចូលទៅក្នុងជម្លោះ និងការប្រឈមមុខគ្នាដោយជៀសមិនរួច។ ដូច្នេះ តើអ្នកណានឹងទទួលផលនៃមហន្តរាយ?»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក ឈិន ដែលធ្លាប់ជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក ខាងលើនេះធ្វើឡើងចំពោះមុខអ្នកកាសែតប្រហែល ២០០នាក់ក្នុងសន្និសីទកាសែតលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេស នៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំ នាទីក្រុងប៉េកាំង៕