(អ៉ីស្លាម៉ាបាដ)៖ អ្នកនាំពាក្យរបស់ប៉ូលិសនិយាយថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើកម៉ូតូបំបុករថយន្តរបស់ប៉ូលិស នៅឯភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ បណ្តាលឲ្យមន្រ្តីប៉ូលិសចំនួន ៩នាក់ស្លាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។
អ្នកនាំពាក្យរបស់ប៉ូលិស លោក មេហ៍មូត ខាន់ ណូទីហ្សៃ (Mehmood Khan Notizai) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា ការវាយប្រហារបានកើតឡើងនៅក្នុងទីក្រុងស៉ិបប៊ី (Sibbi) ចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងឃ្យូអ៉ីតថា (Quetta) ដែលជារដ្ឋធានីរបស់តំបន់បាឡូឈីសតាន់ (Balochistan)។ មន្ត្រីមន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់ប៉ូលិសចំនួន៧នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ ដែលជាការវាយប្រហារថ្មីក្រោយបំផុតដែលផ្តោតលើបុគ្គលិកប៉ូលិស នៅក្នុងប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវសម្រាប់ការវាយប្រហារនេះទេ។ អស់ជាច្រើនឆ្នាំមកនេះ ក្រុមមួយដែលគេហៅថាជាទ័ពព្រៃបាឡូច (Baloch) បានប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ដោយចោទប្រកាន់ថា បានកេងចំណេញលើធនធានឧស្ម័ន និងរ៉ែ ដ៏សម្បូរបែបរបស់តំបន់បាឡូឈីសតាន់ (Balochistan)៕