(អាម៉ាន់)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានទៅដល់ប្រទេសហ៊្សកដានី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមួយនៅតំបន់មជ្ឈិមបូព៌ា ដែលក៏នឹងនាំរូបលោកទៅកាន់ប្រទេសអេហ្ស៉ីបព្រមទាំងអ៉ីស្រាអែលផងដែរ ក្នុងគោលបំណងបង្ហាញការគាំទ្រចំពោះសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់នេះ ប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។
មុនពេលចាកចេញពីអាមេរិក លោក អូស្ទីន បានបង្ហោះសារលើប្រព័ន្ធ Twitter ថា លោកនឹងជួបជាមួយមេដឹកនាំសំខាន់ៗ ហើយគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញារបស់អាមេរិកចំពោះស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាជំរុញទៅមុខនូវផលប្រយោជន៍រួម របស់សម្ព័ន្ធមិត្តនិងដៃគូរបស់ទីក្រុងវ៉ាស៉ីនតោន។ បើតាមលោក អូស្ទីន ផ្ទាល់ កិច្ចពិភាក្សានៃដំណើរទស្សនកិច្ចនេះនឹងផ្តោតជាចម្បងទៅលើ ការកើនឡើងនៃការគំរាមកំហែង ដែលបង្កឡើងដោយអ៉ីរ៉ង់ចំពោះស្ថិរភាពក្នុងតំបន់ ព្រមទាំងទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគី តាមរយៈប្រព័ន្ធការពារមីស៉ីលនិងដែនអាកាស ដែលមានលក្ខណៈរួមគ្នា។
មន្រ្តីយោធាជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការគំរាមកំហែងរបស់អ៉ីរ៉ង់ រួមមានដូចជាការបំពាក់អាវុធ ការបណ្តុះបណ្តាល និងការផ្តល់មូលនិធិរបស់ទីក្រុងតេហេរ៉ង់ ដល់ក្រុមបង្កអំពើហិង្សាដែលជាកូនអុករបស់ខ្លួន, ការបង្កហេតុនៅដែនសមុទ្រ, ការវាយលុកតាមបណ្តាញព័ត៌មានវិទ្យា, កម្មវិធីមីស៉ីលបាលិស្ទីគ ហើយនិងការវាយប្រហារដោយយន្តហោះដ្រូន ជាដើម។ ដោយឡែក ពេលទៅដល់ប្រទេសអ៉ីស្រាអែល លោក អូស្ទីន ត្រូវបានរំពឹងថា នឹងលើកឡើងអំពីក្តីកង្វល់របស់លោក ជុំវិញការកើនឡើងនៃអំពើហិង្សានៅតំបន់វេសប៊ែង (West Bank)។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ គឺជាការបំពេញទស្សនកិច្ចការទូតលើកទី២ហើយ របស់លោក ឡយ អូស្ទីន នៅតំបន់មជ្ឈិមបូព៌ា ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិក៕