(ឡាហាវ៉ាន់)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍អាមេរិក ដែលហោះចេញពីប្រទេសគុយបា បានជួបបញ្ហាផ្នែកម៉ាស៉ីន បន្ទាប់ពីបុកហ្វូងសត្វបក្សី ហើយក៏បកក្បាលត្រឡប់មករដ្ឋធានីឡាហាវ៉ាន់របស់គុយបាវិញ ដើម្បីធ្វើការចុះចតបន្ទាន់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលាក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines ហើយនិងអាជ្ញាធរអាកាសចរណ៍ស៉ីវិលគុយបា បានឱ្យដឹងថា ផ្សែងបានហុយជ្រាបចូលក្នុងកាប៊ីនរបស់យន្តហោះ ប៉ុន្តែពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ នៅក្នុងឧប្បត្តិហេតុមួយដែលពាក់ព័ន្ធជាមួយ ជើងហោះហើរលេខ៣៩២៣ ដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុង ហ្វត ឡោដឺឌែល (Fort Lauderdale) នៃរដ្ឋផ្លូរីដា (Florida) របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា យន្តហោះខាងលើប្រភេទ Boeing 737 មានផ្ទុកអ្នកដំណើរសរុប១៤៧នាក់ និងសហសេវិកយន្តហោះ៦នាក់។ សត្វបក្សីមួយហ្វូងបានបុកចំ ម៉ាស៉ីនមួយគ្រឿងរបស់យន្តហោះ ក្រោយវាធ្វើដំណើរចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងឡាហាវ៉ាន់បានតែបន្តិចប៉ុណ្ណោះ។ ក្រុមពីឡុតបាននាំយកយន្តហោះនោះ ត្រឡប់ទៅចុះចតនៅទីតាំងដើមវិញដោយសុវត្ថិភាព ហើយអ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ តាមពោងខ្យល់រំអិល ដោយសារតែផ្សែង៕