(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសពីផែនការមួយ ដើម្បីដោះស្រាយជម្លោះដោយការផ្តល់សំណងដល់មនុស្សដែលត្រូវបានបង្ខំឲ្យធ្វើការ កំលុងពេលស្ថិតក្រោមអាណានិគមជប៉ុនលើកូរ៉េ ចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ខណៈក្រុមជនរងគ្រោះនៅតែមានការសង្ស័យលើចំណាត់ការនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

ភាពខ្វែងគំនិតគ្នាលើបញ្ហាប្រវត្តិសាស្ត្រ ក្នុងនោះរួមមានទាំងការបង្ខំឲ្យប្រជាជនកូរ៉េ ធ្វើការទាំងបង្ខំ និងរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលត្រូវបានបង្ខំឲ្យបម្រើការនៅផ្ទះបនយោធាជប៉ុន កាលពីអតីតកាល បានធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកទាំងពីរនេះ អស់ជាច្រើនឆ្នាំមក។ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) កំពុងព្យាយាមជួសជុលទំនាក់ទំនងនេះឡើងវិញ។

បើតាមទីភ្នាក់ងារសារព័ត៌មានយុនហាប់ (Yonhap) ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានយល់ព្រមជាបណ្តោះអាសន្នសសម្រាប់ការបង្កើត «មូលនិធិអនាគតយុវជន» ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនៃមូលនិធិពីក្រុមហ៊ុន នៅក្នុងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា នៅក្រោមផែនការដែលបានប្រកាសនេះ កូរ៉េខាងត្បូងនឹងផ្តល់សំណងដល់អតីតកម្មករដែលត្រូវបានបង្ខំឲ្យធ្វើការ តាមរយៈមូលនិធិសាធារណៈដែលផ្តល់ដោយក្រុមហ៊ុនឯកជន ហើយជឿជាក់ថា រដ្ឋាភិបាលជប៉ុននឹងមិនរារាំងក្រុមហ៊ុនជប៉ុន ពីការរួមចំណែកដោយស្ម័គ្រចិត្តនេះនោះទេ។

គួរបញ្ជាក់ថា នៅពេលដែលទីក្រុងសេអ៊ូលបានលើកសំណើផែនការនេះ កាលពីខែមករាកន្លងទៅ វាបានបង្កឲ្យមានប្រតិកម្មពីជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដោយសារតែផែនការដំបូងមិនបានរួមបញ្ចូលការបង់សំណងពីក្រុមហ៊ុនជប៉ុន ហើយដែលវាជាការបង្គាប់របស់តុលាការកូរ៉េខាងត្បូងប៉ុណ្ណោះ។ ព្រមជាមួយនិងការប្រកាសរបស់លោក ផាក នាពេលនេះ មានបាតុកររាប់សិបនាក់បាននាំគ្នាធ្វើបាតុកម្មនៅខាងក្រៅក្រសួង៕