(កៀវ)៖ ទីក្រុងកៀវបាននិយាយនៅថ្ងៃអាទិត្យ ទី០៥ មីនានេះថា ខ្លួនកំពុងរារាំងការវាយប្រហារ របស់កងកម្លាំងរុស្ស៊ីដែលព្យាយាមឡោមព័ទ្ធទីក្រុងបាកមុត ដែលទីក្រុងមូស្គូបានព្យាយាមដណ្តើមកាន់កាប់អស់ជាច្រើនខែមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣។
អគ្គសេនាធិការរបស់អ៊ុយក្រែនបាននិយាយថា «ការវាយប្រហាររបស់សត្រូវច្រើនជាង១៣០លើក បានកើតឡើងក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ...»។ របាយការណ៍បានសង្កត់ថា «ខ្មាំងនៅតែបន្តការព្យាយាមរបស់ខ្លួន ដើម្បីឡោមព័ទ្ធក្រុងមួយនេះ។
អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែន លោក Sergei Sherevaty បាននិយាយកាលពីថ្ងៃសៅរ៍ថា ស្ថានភាពក្រុងបាកមុតគឺ «ពិបាក ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង» ដោយលោកបានពិពណ៌នាទីក្រុងនេះថាជា «គោលដៅអាទិភាពសម្រាប់សត្រូវ»។
គួរបញ្ជាក់ថា បន្ទាប់ពីដណ្តើមទឹកដីមកវិញបានច្រើនគួរសម កំលុងប្រតិបត្តិការវាយបករបស់ខ្លួន កងទ័ពរបស់អ៊ុយក្រែនបានបន្តស្ថិតក្នុងសភាពចាំតែទប់ទល់ ពីការវាយប្រហាររបស់រុស្ស៉ី អស់រយៈពេលប៉ុន្មានខែមកហើយ ដោយសមរភូមិក្តៅគគុកជាងគេគឺនៅទីក្រុងបាកមូត។ ជ័យជម្នះនៅទីក្រុងតូចមួួយនេះ នឹងបើកផ្លូវឱ្យកងកម្លាំងរុស្ស៉ីអាចរៀបចំការវាយប្រហារ ដើម្បីគ្រប់គ្រងកន្លែងដទៃទៀតនៅក្នុងផ្នែកនៃតំបន់ដុនបាស់ (Donbas) ដែលខ្លួនមិនទាន់បានកាន់កាប់៕