(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានជំទាស់នឹងសេចក្តីថ្លែងការណ៍របស់ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិដែលថា ការវាយប្រហារណាមួយរបស់អ៊ីស្រាអែល ឬអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាការខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣។
បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយកិច្ចពិភាក្សាដែលជាប់គាំង ជុំវិញការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅថា «ការវាយប្រហារយោធាណាមួយលើទីតាំងនុយក្លេអ៊ែរជាការខុសច្បាប់»។
ឆ្លើយតបនឹងការលើកឡើងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោក នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃអាទិត្យនេះយ៉ាងដូច្នេះថា «លោក Rafael Grossi គឺជាមនុស្សសក្តិសមប៉ុន្តែបានធ្វើការកត់សម្គាល់មួយដែលមិនសក្តិសម»។
លោក Netanyahu បានបន្ថែមថា «ខុសច្បាប់រឿងអី?...តើយើងត្រូវហាមឃាត់មិនឱ្យការពារខ្លួនឬ? ច្បាស់ណាស់ យើងត្រូវបានអនុញ្ញាតឲ្យធ្វើដូច្នេះ»៕