(ម៉ានីល)៖ នៅថ្ងៃសៅរ៍នេះ អភិបាលខេត្តម្នាក់នៃភាគកណ្តាលប្រទេសហ្វីលីពីន ហើយនិងមនុស្ស៥នាក់ទៀត ត្រូវបានបាញ់សម្លាប់ដោយ ក្រុមខ្មាន់កាំភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណ ខណៈវាគឺជាករណីវាយប្រហារថ្មីចុងក្រោយបំផុត ទៅលើអ្នកនយោបាយនៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។
ប៉ូលិសហ្វីលីពីនបានឱ្យដឹងថា ជនសង្ស័យចំនួន៦នាក់ មានប្រដាប់ដោយកាំភ្លើងធុនវែង ហើយស្លៀកឯកសណ្ឋានស្រដៀងគ្នាទៅនឹង ឯកសណ្ឋានរបស់កងកម្លាំងយោធាយ៉ាងដូច្នោះ បានចូលទៅក្នុងបរិវេណគេហដ្ឋានរបស់លោកអភិបាលខេត្ត ដែលស្ថិតក្នុងក្រុងប៉ាមផ្លូណា (Pamplona) រួចធ្វើសកម្មភាពបាញ់ប្រហារ។
ភរិយារបស់លោកបានឱ្យដឹងថា លោក រ៉ូអេល ដេហ្កាម៉ូ (Roel Degamo) ដែលជាអភិបាលខេត្ត ណេហ្គ្រោស អូរេនតាល់ (Negros Oriental) ព្រមទាំងមនុស្ស៥នាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងសកម្មភាពបាញ់ប្រហារនោះ។ ក្រៅពីនេះក៏មានមនុស្ស៤នាក់ទៀត រងការបាញ់ប្រហារផងដែរ ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ស្ថានភាពនៅឡើយទេ។
ហេតុការណ៍ខាងលើបានកើតឡើង ចំពេលដែលលោកអភិបាលខេត្ត កំពុងតែចែកចាយជំនួយដល់ បណ្តាប្រជាជននៃមូលដ្ឋានរបស់លោក។ ប៉ូលិសហ្វីលីពីនបានប្រាប់ថា ពួកគេកំពុងតាមស្វែងរកជនសង្ស័យសរុបចំនួន១០នាក់ ក្នុងនោះរួមទាំងខ្មាន់កាំភ្លើង៦នាក់ ដែលបានគេចខ្លួនចេញពីកន្លែងកើតហេតុ តាមរយៈរថយន្តចំនួន៣គ្រឿង មុនពេលរថយន្តទាំងនោះត្រូវបានបោះបង់ចោល ក្នុងទីក្រុងមួយដែលនៅក្បែរគ្នា។
គួរបញ្ជាក់ថា លោក ដេហ្កាម៉ូ វ័យ៥៦ឆ្នាំ ទើបតែត្រូវបានតុលាការកំពូល ប្រកាសជាអ្នកទទួលជ័យជម្នះពិតប្រាកដ កាលពីខែមុន ក្នុងការប្រកួតប្រជែងតំណែងអភិបាលខេត្ត ណេហ្គ្រោស អូរេនតាល់ ក្រោយការរាប់សន្លឹកឆ្នោតសាជាថ្មី ដែលបានធ្វើឱ្យគូបដិបក្ខរបស់លោកបាត់បង់ជ័យជម្នះវិញ។ ដោយឡែកកាលពីខែកុម្ភៈ អភិបាលខេត្ត ឡាណាវ ឌែល សួ (Lanao del Sur) នៅភាគខាងត្បូងប្រទេសហ្វីលីពីនត្រូវបានគេបាញ់ឱ្យរងរបួសនៅក្នុងការវាយប្រហារមួយ ដែលបានផ្តាច់ជីវិតអ្នកបើករថយន្តរបស់លោក រួមជាមួយមន្រ្តីប៉ូលិសអមដំណើរ ៣នាក់។ ក្នុងខែដដែលនោះ អភិបាលរងក្រុងអាប៉ារី (Aparri) នៅភាគខាងជើងប្រទេស និងមនុស្ស៥នាក់ទៀតដែលធ្វើដំណើរជាមួយលោក ត្រូវបានបាញ់សម្លាប់ ក្នុងសកម្មភាពឆ្មក់វាយប្រហារលើផ្លូវហាយវេមួយកន្លែង៕