(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីទៀត សម្រាប់អ៊ុយក្រែន ដែលមានតម្លៃខ្ទង់ ៤០០លានដុល្លារ ដោយក្នុងនោះជាចម្បងរួមមានគ្រាប់រំសេវផ្សេងៗ ប៉ុន្តែនឹងមានជាលើកដំបូងផងដែរនូវស្ពានចល័តតាក់ទិច សម្រាប់ឱ្យរថក្រោះនិង​រថពាសដែកធ្វើដំណើរឆ្លងដងទន្លេតូចៗឬប្រឡាយបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

កញ្ចប់ជំនួយយោធាថ្មីខាងលើ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) ដែលបាន​និយាយថា វានឹងរួមមានទាំងគ្រាប់សម្រាប់ប្រព័ន្ធបាញ់ផ្លោងរ៉ុក្កែត HIMARS គ្រាប់សម្រាប់កាំភ្លើងធំហោវីតសឺ (howitzer) ហើយនិងគ្រាប់សម្រាប់រថពាសដែក​ប្រយុទ្ធ ប្រេដលី (Bradley) រួមជាមួយយានដឹកស្ពានចល័ត ព្រមទាំងសម្ភារក៏ដូចជាការគាំទ្រ ការជួសជុលថែទាំ និងការបណ្តុះបណ្តាលផ្សេងៗទៀត។

គួរបញ្ជាក់ថា សរុបមកគិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងវ៉ាស៉ីនតោន បានប្តេជ្ញាជំនួយផ្នែកសន្តិសុខសរុបជិត ៣២ពាន់លានដុល្លារហើយ ឱ្យទៅទីក្រុងកៀវ៕