(ហ្សាការតា)៖ មនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ បានបាត់បង់ជីវិត និងរាប់សិបទៀតបានទទួលរងរបួស ក្នុងគ្រោះអគ្គិភ័យដ៏ធំមួយ នៅដេប៉ូស្តុកឥន្ធនៈមួយកន្លែង ក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើក៏បានឆាបឆេះផ្ទះសម្បែងអស់ប៉ុន្មានខ្នងផងដែរ ហើយបង្កឱ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាង​ភ័យស្លន់ស្លោ និងបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់លំនៅឋានក្បែរដេប៉ូនោះ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនថាមពលរបស់រដ្ឋ ឈ្មោះ ប៉ឺតាមីណា (Pertamina) និងមានទីតាំងស្ថិតនៅនៅភាគខាងជើងទីក្រុងហ្សាការតា។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គីភ័យនោះបានកើតឡើង បន្ទាប់ពីម៉ោង៨យប់ថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានពន្លត់ឱ្យរលត់ទៅវិញនៅប៉ុន្មាន​ម៉ោងក្រោយ។ ក្រៅពីមនុស្ស១៧នាក់ដែលបានស្លាប់ មានមនុស្ស៥០នាក់ទៀតរងរបួស។ ពេលនេះអាជ្ញាធរជំនាញឥណ្ឌូណេស៉ី កំពុងស៉ើបអង្កេតរកមូលហេតុនៅពីក្រោយការកកើតគ្រោះអគ្គីភ័យ៕