(ហ្សាការតា)៖ បេក្ខជនប្រធានាធិបតីនាំមុខម្នាក់របស់ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសអះអាងថា រូបលោកនឹងបន្តគម្រោងកសាងរដ្ឋធានីថ្មី ដែលមានតម្លៃ៣២ពាន់លានដុល្លារ របស់ប្រធានាធិបតីលោក ចូកូ វីដូដូ (Joko Widodo) ប្រសិនបើលោកជាប់ឆ្នោតនៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។
លោក អានីស បាសវេដាន (Anies Baswedan) ដែលជាអតីតអភិបាលក្រុងហ្សាការតាដ៏មានប្រជាប្រិយមួយរូប និងជាបេក្ខជនប្រធានាធិបតី ដែលទទួលបានការគាំទ្រ ពីគណបក្សនយោបាយចំនួន៣ បានលើកឡើងថា ច្បាប់ត្រូវបានអនុម័តដោយសភារួចរាល់ហើយ ដើម្បីកសាងនូសានតារ៉ា (Nusantara) សម្រាប់ធ្វើជារដ្ឋធានីថ្មី ដូច្នេះហើយអ្នកណាក៏ដោយ ដែលទទួលជ័យជម្នះក្នុងការឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំក្រោយ ត្រូវតែសម្រេចគម្រោងនេះឱ្យបាន។
ថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅពេលត្រូវបានសួរនាំអំពីការប្តេជ្ញាចិត្តរបស់លោក ចំពោះគម្រោងរដ្ឋធានីថ្មីខាងលើ ដែលស្ថិតនៅកោះប័រណេអូ (Borneo) លោក អានីស បានឆ្លើយតបយ៉ាងដូច្នេះថា «រដ្ឋធានីថ្មីមិនមែនត្រឹមជាគំនិតមួយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាច្បាប់មួយរបស់ប្រទេស។ ដូច្នេះហើយ យើងរាល់គ្នានៅពេលស្បថចូលកាន់តំណែង ការធ្វើសច្ចារបស់យើងគឺត្រូវតែអនុវត្តវា»។
គួរបញ្ជាក់ថា លោក វីដូដូ បានប្រកាសពីគម្រោងនេះ កាលពីឆ្នាំ២០១៩ ក្រោមហេតុផលថា រដ្ឋធានីបច្ចុប្បន្នគឺនៅទីក្រុងហ្សាការតាលើកោះជ្វា ប្រឈមមុខការកកស្ទះកាន់តែធ្ងន់ធ្ងរ ហើយកំពុងលិចចូលទៅក្នុងសមុទ្រដោយសន្សឹមៗថែមទៀតផង។ យ៉ាងណាមិញ ដំណើរការសាងសង់រដ្ឋធានីនូសានតារ៉ា បានជួបបញ្ហាមួយចំនួន រួមមានចាប់តាំងពីការពន្យារពេល ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ ហើយនិងការកើតមានមន្ទិលសង្ស័យនៅក្នុងចំណោមក្រុមវិនិយោគិនមួយចំនួន ដែលបារម្ភថាបុគ្គលដែលឡើងជាប្រធានាធិបតីថ្មី បន្ទាប់ពីលោក វីដូដូ នឹងបោះបង់គម្រោងនេះចោល។
លោក វីដូដូ មិនអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២៤ឡើយ ដ្បិតរូបលោកកាន់អំណាចបានគ្រប់២អាណត្តិទៅហើយ តាំងតែពីឆ្នាំ២០១៤មក។ លទ្ធផលស្ទង់មតិថ្មីចុងក្រោយ បានបង្ហាញថា អភិបាលខេត្តជ្វាកណ្តាល លោក ហ្កានចារ ប្រាណូវ៉ូ (Ganjar Pranowo) គឺជាអ្នកទទួលបានសំឡេងគាំទ្រច្រើនជាងគេ ខណៈនៅលេខរៀងទីពីរ គឺរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) ហើយលេខបី គឺលោក អានីស៕