(សេអ៊ូល)៖ ថ្លែងក្នុងបទសម្ភាសន៍មួយសារព័ត៌មានអាមេរិក CNN នៅទីក្រុងសេអ៊ូល ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) បាននិយាយថា ប្រទេសរបស់លោកមិនចាំបាច់ត្រូវការ អាវុធនុយក្លេអ៊ែរនោះឡើយដើម្បីទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង បើទោះបីជាការស្ទង់មតិសាធារណជន បានបង្ហាញផ្ទុយពីនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។
ការស្ទង់មតិចុងក្រោយបំផុតដែលចេញផ្សាយកាលពីចុងខែកុម្ភៈកន្លងទៅ បានរកឃើញថា ៧១ភាគរយនៃប្រជាជនកូរ៉េខាងត្បូងសរុបជាង ១,៣០០នាក់ ដែលចូលរួមផ្តល់មតិ បានបង្ហាញការគាំទ្រឱ្យប្រទេសរបស់ពួកគេអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ ការយល់ឃើញយ៉ាងដូច្នេះ គឺស្របពេលដែលភាពតានតឹងបានកើនឡើង នៅលើឧបទ្វីបកូរ៉េ បូករួមជាមួយការថយចុះនៃទំនុកចិត្តនៅក្នុងកូរ៉េខាងត្បូង ចំពោះការផ្តល់ការការពារពីសំណាក់សហរដ្ឋអាមេរិក។
យ៉ាងណាក្តី លោក ហាន បានលើកឡើងថា កូរ៉េខាងត្បូងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់មហិច្ឆតារបស់កូរ៉េខាងជើង ហើយលោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មិនមែនជាជម្រើសត្រឹមត្រូវឡើយ។ លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បាននិយាយដូច្នេះថា «ពួកយើងបានកសាងសមត្ថភាពទប់ស្កាត់ការវាយប្រហារដល់កម្រិតប្រសើរមួយ ក្រោមកិច្ចសហការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលបានផ្តោតសំខាន់លើរឿងនេះ ចាប់តាំងពីប្រធានាធិបតីលោក យូន ស៊ុកយុល (Yoon Suk Yeol) បានឡើងកាន់អំណាចកាលពីឆ្នាំមុនមក»។ លោក ហាន បានបន្តថា «យើងគួរធ្វើការជាមួយសហគមន៍អន្តរជាតិ ក្នុងការដាក់សម្ពាធឱ្យខ្លាំងជាប្រចាំ ដើម្បីជំរុញកូរ៉េខាងជើង ឱ្យរំសាយអាវុធនុយក្លេអ៊ែរ។ យើងចង់ឱ្យកូរ៉េខាងជើងយល់ថា ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ នឹងមិនអាចធានានូវសន្តិភាពនិងវិបុលភាព នៅក្នុងប្រទេសពួកគេបាននោះឡើយ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានធ្លាក់ដុនដាបកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ខណៈដែលទីក្រុងព្យុងយ៉ាង បានបង្កើនការអភិវឌ្ឍសព្វាវុធរបស់ខ្លួន ដោយបានបាញ់សាកល្បងមីស៉ីលបាលិស្ទីគច្រើនមិនធ្លាប់មាន កាលពីឆ្នាំ២០២២។ ម៉្យាងវិញទៀត ជាច្រើនខែមកហើយ សហរដ្ឋអាមេរិកនិងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ក៏បានព្រមានផងដែរថា កូរ៉េខាងជើងហាក់កំពុងត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន ឡើងវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក៕