(ម៉ានីល)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយកំលុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ត្រូវតែ មានជំហរតឹងរ៉ឹង នៅក្នុងការជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានសភាពកាន់តែធ្ងន់ធ្ងរ ខណៈបណ្ដាប្រទេសលោកខាងលិចកំពុងផ្តោតលើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក អាន់វ៉ា អ៉ីប្រាហ៉ីម ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ហ្វីលីពីន ANC ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃសុក្រនេះ។ លោក អាន់វ៉ា បានគូសបញ្ជាក់ដូច្នេះថា «យើងមិន អាចចាត់ទុករឿងនេះគឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធនោះទេ ដូច្នេះខ្ញុំអំពាវនាវឱ្យប្រទេសជាមិត្តនៅក្នុងអាស៊ានប្រកាន់ជំហរតឹងរ៉ឹង...ហើយប្រសិនបើចាំបាច់ ត្រូវតែដោះស្រាយជាមួយកងកម្លាំងប្រដាប់អាវុធ នៃប្រទេសនេះ (មីយ៉ាន់ម៉ា) ពីព្រោះថាមានពេលខ្លះ របបយោធាមិនដែលស្ដាប់ការទទូចពីប្រជាជនស៊ីវិលនោះទេ»

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ។ ក្រុមអង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្ស រួមទាំងអង្គការសហប្រជាជាតិបានចោទប្រកាន់ថារបបយោធាមីយ៉ាន់ម៉ាសព្វថ្ងៃ បានប្រព្រឹត្តអំពើឃោរឃៅ នៅក្នុងការបង្រ្កាបក្រុមអ្នកប្រឆាំង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ខាងរបបសឹកនេះក៏បានប្រកាសចាត់ទុកវិញដែរថាក្រុមអ្នកប្រឆាំងគឺជាក្រុមភេរវករ មានបំណងបំផ្លិចបំផ្លាញប្រទេស៕