(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់យោធាថ្មីមានទំហំទឹកប្រាក់ជាង ៤០០លានដុល្លារ ក្នុងនោះរួមមានទាំងគ្រាប់រំសេវ សម្រាប់អ៊ុយក្រែន ហើយកញ្ចប់ជំនួយនេះអាចនឹងត្រូវបានប្រកាស នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។
កញ្ចប់ជំនួយយោធាថ្មីបន្ថែមសម្រាប់អ៊ុយក្រែន ត្រូវបានគេរំពឹងដែរថានឹងក្លាយជារបៀបវារៈសំខាន់នៅពេលលោកប្រធានាធិបតី ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់ ជួបពិភាក្សាការងារនៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះដែរ។ បើតាមក្រុមមន្ត្រីអាមេរិក កញ្ចប់ជំនួយយោធាថ្មីខាងលើរបស់សហរដ្ឋអាមេរិក អាចនឹងមានដូចជាគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS គ្រាប់រំសេវសម្រាប់រថពាសដែក ប្រយុទ្ធ Bradley រួមទាំងរថពាសដែកប្រើជាស្ពានចម្លងទៀតផង។
គួរបញ្ជាក់ថា ជំនួយយោធាថ្មីនេះត្រូវបានផ្ដល់មូលនិធិនៅក្រោមច្បាប់ Presidential Drawdown Authority ឬ PDA ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកអាចដកអាវុធ ឬបញ្ជូនជំនួយយោធាដោយយក ចេញពីឃ្លាំងស្ដុករបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីសភានោះទេ ជាការឆ្លើយតបទៅនឹងភាពអាសន្ន៕