(ឡុងដ៍)៖ បើគ្មានសកម្មភាពធំដុំទេ ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក នឹងមានជំងឺលើសទម្ងន់ ឬមានជំងឺធាត់ជ្រុលនៅត្រឹមឆ្នាំ២០៣៥ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣។
សហព័ន្ធភាពធាត់ពិភពលោកព្យាករណ៍ថា ៥១ភាគរយនៃប្រជាជនពិភពលោក ឬជាង ៤ពាន់លាននាក់ នឹងមានជំងឺធាត់ ជ្រុល ឬលើសទម្ងន់ក្នុងរយៈពេល ១២ឆ្នាំខាងមុខ។
របាយការណ៍បានរកឃើញថា អត្រាធាត់កំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំណោមកុមារ និងក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។
លោកស្រី Louise Power ប្រធានសហព័ន្ធភាពធាត់ពិភពលោកបានហៅទិន្នន័យនេះថាជា «ការព្រមានច្បាស់លាស់» ហើយបាននិយាយថា អ្នកបង្កើតគោលនយោបាយចាំបាច់ត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីការពារស្ថានភាពកុំឱ្យកាន់តែអាក្រក់ឡើង។
លោកស្រីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «វាជាការព្រួយបារម្ភជាពិសេសក្នុងការឃើញអត្រានៃការធាត់កើនឡើងយ៉ាងលឿនបំផុត ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់"។
របាយការណ៍បានរកឃើញថា ភាពធាត់ក្នុងវ័យកុមារអាចកើនឡើងទ្វេដងពីកម្រិតឆ្នាំ២០២០ ខណៈនៅឆ្នាំ២០២០ មនុស្ស ២.៦ពាន់លាននាក់ធ្លាក់ចូលទៅក្នុងប្រភេទជំងឺនេះ
ឬ៣៨ភាគរយនៃចំនួនប្រជាជនពិភពលោក។
របាយការណ៍នេះក៏បានរកឃើញផងដែរថា ស្ទើរតែគ្រប់ប្រទេសដែលរំពឹងថា នឹងឃើញការកើនឡើងនៃភាពធាត់ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំខាងមុខនេះ គឺជាប្រទេសដែលមានចំណូលទាប ឬមធ្យមនៅអាស៊ី និងអាហ្វ្រិក៕