(ឡូសអេនជឺលេស)៖ ចៅក្រមនៅទីក្រុងឡូសអេនជឺលេសកាលពីថ្ងៃពុធបានប្រកាសថា បុរសម្នាក់ដែលត្រូវបានជាប់ពន្ធនគារជាង ៣៨ឆ្នាំពីបទឃាតកម្ម ដែលគាត់មិនបានប្រព្រឹត្តក្នុងឆ្នាំ១៩៨៣ ត្រូវបានចៅក្រមទីក្រុង Los Angeles ប្រកាសថា គ្មានកំហុសទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Maurice Hastings ត្រូវបានដោះលែងពីពន្ធនាគារកាលពីឆ្នាំមុន បន្ទាប់ពីភស្តុតាង DNA បានចង្អុលទៅលើជនសង្ស័យផ្សេងទៀត។
កាលពីខែតុលាកន្លងទៅ ចៅក្រមបានលុបចោលការផ្តន្ទាទោសលើ លោក Hastings តាមសំណើរបស់រដ្ឋអាជ្ញាមកពីការិយាល័យមេធាវីខោនធី Los Angeles និងមេធាវីសម្រាប់គម្រោង Los Angeles Innocence ។
រដ្ឋអាជ្ញា និងមេធាវីរបស់ លោក Hastings បានត្រឡប់ទៅតុលាការវិញ ដោយសុំឱ្យចៅក្រម លោក William C. Ryan ចាត់វិធានការបន្ថែម ក្នុងការប្រកាសថា គាត់មិនពាក់ព័ន្ធនឹងការសម្លាប់កាលពី ៤០ឆ្នាំមុនទេ។
ចៅក្រមនេះកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា លោក Hastings ពិតជាគ្មានកំហុស ដែលមានន័យថា ភស្តុតាងបានបង្ហាញឱ្យឃើញថា លោក Hastings មិនបានប្រព្រឹត្តបទឧក្រិដ្ឋនោះទេ។
គួរបញ្ជាក់ថា លោក Hastings ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតក្នុងកាលៈទេសៈពិសេស ហើយការិយាល័យមេធាវីខណ្ឌ បានស្វែងរកការកាត់ទោសប្រហារជីវិត ប៉ុន្តែគណៈវិនិច្ឆ័យបានជាប់គាំង។ គណៈវិនិច្ឆ័យទីពីរបានកាត់ទោសគាត់ ហើយនៅឆ្នាំ១៩៨៨ គាត់ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ដោយគ្មានលទ្ធភាពនៃការដោះលែង ខណៈដែលលោកបាននៅរក្សាថា ខ្លួនមិនមានទោសកំហុសទេ។
ការិយាល័យរដ្ឋអាជ្ញាបាននិយាយកាលពីខែតុលាថា នៅពេលធ្វើកោសល្យវិច័យជនរងគ្រោះ គ្រូពេទ្យបានធ្វើការពិនិត្យលើការរំលោភផ្លូវភេទ ហើយរកឃើញទឹកកាមនៅក្នុងមាត់ជនរងគ្រោះ។ ហើយលទ្ធផលនៃការតេស្តទឹកកាមនេះកាលពីខែមិថុនាកន្លងទៅបានរកឃើញថា ទឹកកាមមិនមែនជារបស់លោក Hastings ទេ។
ទម្រង់ DNA ត្រូវបានបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិ និងផ្គូផ្គងជាមួយបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទចាប់ពង្រត់ប្រដាប់អាវុធ ដោយរដ្ឋអាជ្ញាបាននិយាយថា ជនសង្ស័យគឺ Kenneth Packnett ដែលបានស្លាប់នៅក្នុងពន្ធនាគារក្នុងឆ្នាំ២០២០៕