(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX នៅថ្ងៃព្រហស្បតិ៍នេះ បានចេញបេសកកម្មថ្មីទៀត សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) ដើម្បីនាំយកក្រុមអវកាសយានិកចំនួន៤នាក់ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។
យានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែតអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX បានហោះឡើងចេញពីផ្ទៃផែនដី កាលពីម៉ោង១២៖៣៥នាទីយប់កណ្តាលអធ្រាត្រ (ពេលវេលាក្នុងតំបន់នៅភាគខាងកើតសហរដ្ឋអាមេរិក) នៅមជ្ឈមណ្ឌលអវកាស ខេនណឺឌី (Kennedy Space Center) ស្ថិតក្នុងរដ្ឋផ្លូរីដា (Florida)។ យាន Crew Dragon នឹងត្រូវចំណាយពេលជិត២៥ម៉ោង ទើបទៅដល់ស្ថានីយអវកាស ISS ដែលស្ថិតនៅរយៈកម្ពស់ប្រមាណជា ៤២០គីឡូម៉ែត្រពីផ្ទៃផែនដី។
គួរបញ្ជាក់ថា បេសកកម្មខាងលើ គឺជាបេសកកម្មទី៦ហើយ របស់ក្រុមហ៊ុន SpaceX សម្រាប់ NASA ក្នុងការបញ្ជូនក្រុមអវកាសយានិក ឱ្យទៅស្នាក់នៅរយៈពេលវែងលើស្ថានីយ ISS។ សមាសភាពអវកាសយានិក ក្នុងបេសកកម្មថ្មីចុងក្រោយគេនេះ រួមមានអវកាសយានិកអាមេរិក២នាក់ អវកាសយានិករុស្ស៉ី ១នាក់ និងអវកាសយានិកអេមីរ៉ាត់អារ៉ាប់រួម ១នាក់។ អ្នកទាំង៤ នឹងត្រូវស្វាគមន៍ដោយអវកាសយានិកសរុប៧នាក់ ដែលកំពុងស្ថិតនៅលើស្ថានីយ ISS ស្រាប់ ខណៈអវកាសយានិក៤នាក់ នៃបេសកកម្មកាលពីខែតុលា ឆ្នាំមុនរបស់ SpaceX នឹងត្រូវចុះមកផែនដីវិញ ក្នុងពេលឆាប់ៗខាងមុខ ក្រោយការទៅដល់របស់ក្រុមថ្មី៕