(អាថែន)៖ ប្រភពពីរដ្ឋាភិបាល និងប៉ូលីសបានឲ្យដឹងនៅថ្ងៃពុធនេះថា អាជ្ញាធរក្រិកបានចាប់ខ្លួនបុរសវ័យ ៥៩ឆ្នាំម្នាក់ ជុំវិញគ្រោះថ្នាក់រថភ្លើងបុកគ្នានៅកណ្តាលប្រទេសក្រិក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦នាក់និងរាប់សិបនាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា អ្នកគ្រប់គ្រងស្ថានីយ៍រថភ្លើងក្នុងទីក្រុង Larissa បានផ្តល់សក្ខីកម្មនៅចំពោះមុខរដ្ឋអាជ្ញាសាធារណៈ ហើយត្រូវបានចាប់ខ្លួន។
មន្ត្រីប៉ូលិសម្នាក់បាននិយាយថា រដ្ឋអាជ្ញាបានចោទប្រកាន់ពីបទមជ្ឈិម។ មន្ត្រីរូបនេះបានបន្ថែមថា គាត់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយធ្វេសប្រហែស និងបង្ករបួសស្នាមធ្ងន់ធ្ងរតាមរយៈការធ្វេសប្រហែស។
ទោះជាយ៉ាងណាបុរសរូបនេះបានបដិសេធថា មិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយបានសន្មតថាឧបទ្ទវហេតុនេះកើតឡើងដោយបញ្ហាខុសបច្ចេកទេស។
គួរបញ្ជាក់ថា មានមនុស្សប្រហែល៣៥០នាក់ ជិះនៅលើរថភ្លើងដឹកអ្នកដំណើរ ខណៈនៅលើរថភ្លើងដឹកទំនិញ មានមនុស្សត្រឹម២នាក់ប៉ុណ្ណោះ។ វាគឺជាគ្រោះថ្នាក់រថភ្លើងផ្តាច់ជីវិតមនុស្សច្រើនបំផុត ដែលប្រទេសក្រិកមិនធ្លាប់ជួបប្រទះឡើយ ក្នុងរយៈពេលប្រមាណជា៥០ឆ្នាំមកនេះ៕