(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធនេះបានប្រកាសបន្ធូរបន្ថយវិធានការធ្វើតេស្តរកកូវីដ១៩ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួន ដែលក្នុងនោះមានប្រទេសសិង្ហបុរី ម៉ាឡេស៉ី ហ្វីលីពីន កម្ពុជា និងនូវែលសេឡង់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

ប្រទេសចិន នឹងលែងត្រូវការលទ្ធផលតេស្តពីម៉ាស៉ីន PCR រយៈពេលមិនលើសពី ៤៨ម៉ោងមុនពេលចេញដំណើរទៀតហើយ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួនខាងលើនេះ។ ផ្ទុយទៅវិញ អ្នកដំណើរដែលមានសិទ្ធិហោះហើរត្រង់ទៅកាន់ប្រទេសចិន គ្រាន់តែត្រូវធ្វើតេស្តរហ័សមុនពេលឡើងយន្តហោះរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។ អ្នកដំណើរត្រូវបញ្ចូលលទ្ធផលតេស្តអវិជ្ជមានរបស់ពួកគេ ទៅក្នុងគេហទំព័រគយចិន ឬតាមរយៈកម្មវិធី app របស់ពួកគេ។ ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ នឹងមិនត្រួតពិនិត្យលទ្ធផលតេស្តអវិជ្ជមានរបស់អ្នកដំណើរទៀតទេ។

ក្នុងសេចក្តីជូនដំណឹងមួយរបស់ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី បានបញ្ជាក់ថា អ្នកដំណើរគឺនៅតែតម្រូវឲ្យធ្វើដំណើរទៅកាន់ប្រទេសចិន ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមានដដែល ប៉ុន្តែជាការធ្វើតេស្តរហ័សដោយខ្លួនឯង។ វិធានការទប់ស្កាត់កូវីដ១៩កំពុងត្រូវបានបន្ធូរបន្ថយ ស្របតាមស្ថានភាពបច្ចុប្បន្ននៃការរាតត្បាត និងដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក។ វិធានការនេះក៏ត្រូវបានបន្ធូរបន្ថយផងដែរ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ថៃ ស្វីស និងរុស្ស៊ី។

គួរបញ្ជាក់ថា បន្ទាប់ពីបិទព្រំដែនដើម្បីទប់ស្កាត់កូវីដ១៩ រយៈពេល៣ឆ្នាំមកនេះ ប្រទេសចិនបានប្រកាសបើកព្រំដែនពេញលេញឡើងវិញ កាលពីចុងខែធ្នូ ឆ្នាំ២០២២។ ក្រោយមក នៅថ្ងៃទី៨ ខែមករា ចិនបានបន្តលុបចោលវិធានការចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេស ហើយតម្រូវឲ្យធ្វើតេស្ត PCR រយៈពេល៤៨ម៉ោង មុនពេលហោះហើរចូលក្នុងប្រទេសចិន៕