(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានយល់ព្រមលើការលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះពាក់លើស្មា Javelin ទៅឱ្យចក្រភពអង់គ្លេសក្នុងទំហំទឹកប្រាក់ជាង ១២៥លានដុល្លារ ខណៈអាវុធដ៏ទំនើបនេះកំពុងទទួលបានការបញ្ជាទិញយ៉ាងច្រើន បន្ទាប់ពីបានបង្ហាញប្រសិទ្ធភាពនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

សំណើបញ្ជាទិញអាវុធពីសហរដ្ឋអាមេរិក មានការកើនឡើងខ្លាំង ហើយអាវុធដែលកំពុងស្ថិតនៅក្រោមការបញ្ជីបញ្ជាទិញច្រើនជាងគេ នោះគឺប្រភេទមីស៊ីលពាក់លើស្មា កាំភ្លើងធំ និងយន្ដហោះដ្រូន ដែលអាវុធទាំងនេះបានបង្ហាញប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការជួយអ៊ុយក្រែនប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ បើតាមមន្ទីរបញ្ចកោណ ការអនុម័តលក់មីស៊ីល ពាក់លើស្មា Javelin ឱ្យចក្រភពអង់គ្លេសដោយក្រសួងការបរទេសអាមេរិក នឹងត្រូវបានជូនដំណឹងបន្តទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ រីឯ ក្រុមហ៊ុនដែលនឹងទទួលបានកុងត្រាម៉ៅការអាវុធនេះ គឺក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Lockheed Martin។

គួរបញ្ជាក់ថា បណ្ដាប្រទេសនៅអឺរ៉ុបជាច្រើនបាន និងកំពុង បញ្ជាទិញអាវុធជាច្រើនពីសហរដ្ឋអាមេរិក ដើម្បីបំពេញស្ដុកអាវុធរបស់ខ្លួនឡើងវិញ ដែលបានថយចុះដោយសារតែ ការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៉ី៕