(ប៉ារីស)៖ ស្ថាប័នសវនកម្មរបស់បារាំងបានរាយការណ៍នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈនេះថា ប្រទេសបារាំងបានចំណាយច្រើនជាង ៦៣០លានអឺរ៉ូកាលពីឆ្នាំមុន សម្រាប់ការធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនជិត ១១៥,០០០នាក់ ដែលបានភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សវនករម្នាក់បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រជាជនអ៊ុយក្រែនដែលស្វែងរកទីជម្រកទទួលបានលក្ខខណ្ឌ «ពេញចិត្ត» ក្រោមផែនការ «ការការពារបណ្តោះអាសន្ន» សម្រាប់ជនភៀសខ្លួន ដែលមិនធ្លាប់មានពីមុនមករហូតដល់ឆ្នាំ២០២២។

កម្មវិធីនេះអនុញ្ញាតឱ្យពួកគេទទួលបានសិទ្ធិពិសេស ដែលត្រូវបានបដិសេធចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនផ្សេងទៀត រួមទាំងសមត្ថភាពការងារ ការថែទាំសុខភាព ការសិក្សារបស់កុមារ និងការស្នាក់នៅក្នុងគ្រាអាសន្ន។

ការចំណាយសម្រាប់កម្មវិធីដ៏សប្បុរសនេះ មានចំនួនរហូតដល់ ៦៣៤លានអឺរ៉ូ ឬប្រហាក់ប្រហែល ៦៧៣លានដុល្លារអាមេរិក ដោយភាគច្រើនវាត្រូវបានចំណាយលើលំនៅដ្ឋាន២៥០លានអឺរ៉ូ និងការទូទាត់សាច់ប្រាក់ ២២០លានអឺរ៉ូ។

សម្រាប់មនុស្សម្នាក់ៗ សវនករបានរកឃើញថា ទីក្រុងប៉ារីសបានចំណាយប្រហែលពីរដងលើជនភៀសខ្លួនអ៊ុយក្រែន បើប្រៀបធៀបនឹងអ្នកស្វែងរកសិទ្ធិជ្រកកោនកន្លងមក។

ជាក់ស្តែងតម្លៃលំនៅឋានសម្រាប់ប្រជាជនអ៊ុយក្រែន គឺត្រូវចំណាយប្រហែល៣៨អឺរ៉ូក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ ខណៈការចំណយលើជនភៀសខ្លួនដែលមានស្រាប់តិចជាង១៨អឺរ៉ូប៉ុណ្ណោះ។

ក្រសួងលំនៅដ្ឋានបារាំងបានប្រាប់ AFP កាលពីសប្តាហ៍មុនថា បច្ចុប្បន្ននេះ ទីក្រុងប៉ារីសកំពុងចំណាយប្រាក់ជិត ៨០០០,០០០អឺរ៉ូក្នុងមួយខែ ដើម្បីផ្គត់ផ្គង់គ្រួសារចំនួន៩០០គ្រួសារ ដែលបានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែសវនករព្រមានថា មិនមានការធានាថា ការចំណាយរបស់រដ្ឋទាំងនេះនឹងបន្តទៅអនាគតទេ៕