(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសពីចំណាត់ការ ដើម្បីបង្រ្កាបបទល្មើសពលកម្មកុមារ ដែលត្រូវបានរាយការណ៍​ថា មានការកើនឡើងខ្លាំង ជាពិសេសការប្រើប្រាស់អនិតិជនដែលជាជនអន្តោប្រវេសន៍ នៅតាមឧស្សាហកម្មប្រឈមគ្រោះថ្នាក់ខ្ពស់របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមន្រ្តីអាមេរិកបាននិយាយថា ក្រសួងការងារសហរដ្ឋអាមេរិក បានមើលឃើញការកើនឡើងក្នុងអត្រាដល់ទៅជិត៧០ភាគរយ ពាក់ព័ន្ធការរំលោភបំពាន​ច្បាប់ពលកម្មកុមារ គិតចាប់តាំងពីឆ្នាំ២០១៨មក ក្នុងនោះរួមមានទាំងការធ្វើការងារនៅកន្លែងប្រឈមគ្រោះថ្នាក់ខ្ពស់ៗ។ នៅក្នុងឆ្នាំសារពើពន្ធកន្លងទៅនេះ ក្រុមហ៊ុនសរុបចំនួន៨៣៥ក្រុមហ៊ុន ត្រូវរកឃើញថាបានបំពានច្បាប់ពលកម្មកុមារ។

បើតាមការអះអាងរបស់ក្រុមមន្រ្តីដដែល គឺនាពេលនេះរដ្ឋបាលលោក បៃដិន កំពុងតែស៉ើបអង្កេតទៅលើការប្រើកុមារឱ្យធ្វើការងារនៅតាមរោងចក្ររបស់ក្រុមហ៊ុនផ្សេងៗ រួមមានទាំងក្រុមហ៊ុនចំណីអាហារ Hearthside Food Solutions ហើយនិងក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor ជាដើម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលអាមេរិកបានបង្កើតក្រុមការងារពិសេសមួយ ដែលរួមមានសមាសភាពស្ថាប័នចម្រុះ ដើម្បីទទួលបន្ទុកបញ្ហាពលកម្មកុមារ ហើយ​គ្រោងនឹងកំណត់គោលដៅ លើឧស្សាហកម្មទាំងឡាយ ដែលសកម្មបំពានទំនងកើតមានឡើងញឹកញាប់ សម្រាប់ការស៉ើបអង្កេត។

គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ រដ្ឋបាលលោក ចូ បៃដិន ក៏កំពុងព្យាយាមជំរុញផងដែរ ដើម្បីឱ្យមានការដាក់ពិន័យធ្ងន់ធ្ងរជាងមុន សម្រាប់បណ្តាក្រុមហ៊ុនដែល​បំពានច្បាប់ពលកម្មកុមារ ហើយស្វែងរកការផ្តល់មូលនិធិបន្ថែម សម្រាប់កិច្ចការងារអនុវត្តនិងត្រួតពិនិត្យច្បាប់ទាំងនេះ។ ច្បាប់សហព័ន្ធរបស់អាមេរិក ហាម​ឃាត់បុគ្គលមានវ័យក្រោម១៦ឆ្នាំ មិនឱ្យធ្វើការនៅតាមប្រភេទរោងចក្រភាគច្រើន ហើយបុគ្គលដែលមានវ័យក្រោម១៨ឆ្នាំ ត្រូវបានហាមប្រាមមិនឱ្យបំពេញ​ការងារ ដែលប្រឈមគ្រោះថ្នាក់ខ្ពស់ នៅតាមរោងចក្រឧស្សាហកម្មឡើយ៕