(កៀវ)៖ រដ្ឋមន្រ្តីហរិញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ជេនេត យេលលិន (Janet Yellen) នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា រុស្ស៊ីគួរតែទទួលបន្ទុកលើការចំណាយថ្លៃខូចខាត ដែលបណ្តាលមកពីការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ប៉ុន្តែវានៅមាន «ឧបសគ្គផ្លូវច្បាប់សំខាន់ៗ» ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមទូរស័ព្ទ អំឡុងពេលបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវ លោកស្រី យេលលិន បាននិយាយថា សហរដ្ឋអាមេរិកនឹងសិក្សាលើការអំពាវនាវរបស់អ៊ុយក្រែន ក្នុងការដាក់ទណ្ឌកម្មលើវិស័យថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី ប៉ុន្តែព្រមជាមួយនិងការគិតគូអំពីផលវិបាកដែលអាចកើតមាន សម្រាប់សម្ព័ន្ធមិត្តលោកខាងលិច។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ ដើម្បីឲ្យរុស្ស៉ីទទួលខុសត្រូវលើការបំផ្លិចបំផ្លាញដោយសង្រ្គាមរបស់ខ្លួនមកទល់នឹងឆ្នាំទីពីរ ជាមួយនិងការប៉ាន់ស្មានថាមានតម្លៃរាប់រយពាន់លានដុល្លារ ហើយកំពុងកើនឡើងជារៀងរាល់ថ្ងៃ។

លោកស្រី យេលលិន បន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី ដែលចាត់ទុកថាប្រើប្រាស់ក្នុងសកម្មភាពឧក្រិដ្ឋកម្ម ប៉ុន្តែចំពោះ​រូបិយប័ណ្ណបរទេសដែលបង្កកដោយធនាគារកណ្តាល និងទ្រព្យសម្បត្តិមួយចំនួនធំផ្សេងទៀតក្រោមទណ្ឌកម្មសេដ្ឋកិច្ច គឺជារឿងមួយផ្សេងទៀត។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បង្កកបានរូបិយប័ណ្ណបរទេសរបស់ធនាគារកណ្តាលរុស្ស៊ីចំនួនជាង ៣០០ពាន់លានដុល្លារ។ ទោះជាទ្រព្យសកម្មកាន់កាប់នៅបរទេស មានចំណែកដ៏សំខាន់នៅធនាគារកណ្តាលនៃទីក្រុងញូវយ៉កក្តី ប៉ុន្តែវានៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រុស្ស៊ី។

គួរបញ្ជាក់ថា មន្ត្រីអឺរ៉ុបមួយចំនួន បានអំពាវនាវឲ្យមានការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៉ីទាំងស្រុង។ ដោយឡែកចំពោះវិស័យថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី រហូតមកដល់ពេលនេះបានរួចផុតពីការដាក់ទណ្ឌកម្មជាច្រើនលើក ដែលមួយផ្នែកដោយសារតែប្រទេសមួយចំនួន រួមទាំងបារាំងផងដែរ បានពឹងផ្អែកលើការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមពីក្រុមហ៊ុនរ៉ូសាតូម (Rosatom) របស់រុស្ស៊ី៕