(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថារុស្ស៉ីនឹងមិនត្រឡប់ចូលរួមក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ NEW START ជាមួយសហរដ្ឋអាមេរិក វិញនោះទេ រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន យល់ព្រមស្ដាប់ក្ដីកង្វល់របស់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ប៉េសកូវ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អ៉ីសវេស្ទីយ៉ា (Izvestia) ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីលោក ពូទីន សម្រេចចចិត្តផ្អាកការចូលរួមរបស់រុស្ស៉ីនៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ NEW START។ លោក ប៉េសកូវ បានគូសបញ្ជាក់ថា សន្តិសុខនៃប្រទេសមួយមិនអាចត្រូវបានធានា ដោយការបំផ្លាញសន្តិសុខនៃប្រទេសដទៃឡើយ ហើយថាជំហរសមូភាពរបស់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកចំពោះរុស្ស៉ីក៏ចាំបាច់ត្រូវតែផ្លាស់ប្ដូរផងដែរ។ បន្ថែមពីលើនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតផងថាតាមរយៈការបំពាក់អាវុធឱ្យអ៊ុយក្រែនពីសំណាក់អង្គការ NATO​ បានបង្ហាញយ៉ាងច្បាស់ថាប្លុកមួយនេះលែងជា គូប្រជែងរបស់រុស្ស៉ីទៀតហើយ តែគឺជាសត្រូវតែម្ដង។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនបានប្រកាសពីផ្អាកការចូលរួមរបស់ទីក្រុងមូស្គូ នៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ NEW START ដែលជាសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរនៅសេសសល់ចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដោយលោកចោទប្រកាន់ថាលោកខាងលិចគឺជាអ្នកទទួលខុសត្រូវទាំងស្រុង៕